ព័ត៌មានជាតិ

អណ្តើកហ្លួង ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត ១ក្បាលទៀត បានញាស់ នៅក្នុងមជ្ឈមណ្ឌល ACCB

ភ្នំពេញ៖ បន្ទាប់ពីការទន្ទឹងរង់ចាំរយៈពេល ៩១ថ្ងៃមក សត្វអណ្តើកហ្លួង មួយក្បាលបានញាស់ចេញ ពីពងរបស់វានៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ។

យោងតាមហ្វេសប៊ុក មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នៅថ្ងៃទី៦ មេសា បានឲ្យដឹងថា នេះក៏ជាលើកទីមួយហើយ ដែលប្រភេទរងគ្រោះជិតផុតពូជបំផុតនេះ បន្តពូជបានដោយជោគជ័យ នៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ហើយវាគឺជាលើកទី២ដែរ ដែលនៅកម្ពុជា មានកូនអណ្តើកហ្លួងអាចបង្កាត់ពូជ បាននៅក្នុងមជ្ឈមណ្ឌល ២ផ្សេងគ្នា ។

នៅឯមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្កើតកន្លែងចិញ្ចឹម និងបង្កាត់ពូជអណ្តើកហ្លួង ដើម្បីកុំឲ្យផុតពូជ ដែលរួមមានសត្វអណ្តើកហ្លួងចំនួនពីរក្បាលជួយសង្គ្រោះជីវិត និងចំនួន១១ក្បាលទៀត បានមកពីអង្គការសមាគម អភិរក្សសត្វព្រៃនៅកម្ពុជា (WCS) ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយនឹងរដ្ឋបាលជលផល។

តាមរយៈម៉ាស៊ីនថតដោយស្វ័យប្រវត្តិ ដែលបានដាក់នៅតាមពំនូកខ្សាច់ សិប្បនិមិត្តិដែលនៅជុំវិញ ស្រះអណ្តើកហ្លួងអនុញ្ញាតឲ្យអាចកំណត់អត្តសញ្ញាណ អំពីមេរបស់កូនអណ្តើកដែលញាស់នោះគឺជាអណ្តើកហ្លួងញី ១ក្បាល ដែលត្រូវបានជួយសង្គ្រោះ កាលពីឆ្នាំ២០១២។

អណ្តើកហ្លួងញីនេះ ត្រូវបានគេគិតថា មានអាយុយ៉ាងហោចណាស់ក៏ ៦០ឆ្នាំដែរ ហើយកូនអណ្តើកនេះ ប្រហែលមានហ្សែនពិសេស មិនទាក់ទងទៅនឹងអណ្តើកហ្លួងផ្សេងទៀត ដែលនៅក្នុងកន្លែងអភិរក្សនេះទេ ដែលធ្វើឲ្យកូនអណ្តើកហ្លួងញាស់នេះមានលក្ខណៈពិសេស ក្នុងប្រជាសាស្ត្រផ្នែកហ្សែន ៕

To Top