ព័ត៌មានជាតិ

លទ្ធផលនៃការសិក្សា បង្ហាញពីអ្នកភ្នំពេញ ប្រើប្រាស់ហ្វេសប៊ុក សម្រាប់ការចូលរួម ក្នុងនយោបាយ និងការបោះឆ្នោត 

 ភ្នំពេញ៖ នៅឯរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នេះ បេក្ខជនបណ្ឌិត ឆាយ សុផល បានធ្វើបទបង្ហាញលទ្ធផលនៃការសិក្សាមួយ ស្តីពីឥទ្ធិពលហ្វេសប៊ុក នៅក្នុងនយោបាយកម្ពុជា – ករណីសិក្សានៅរាជធានីភ្នំពេញ (ឆ្នាំ២០០៨-២០២១) ដោយលទ្ធផលទី១បានផ្តោតលើ “ការប្រើប្រាស់ហ្វេសប៊ុក របស់អ្នកភ្នំពេញ សម្រាប់ការចូលរួមនយោបាយនិងការបោះឆ្នោត”។

បេក្ខជនបណ្ឌិត ឆាយ សុផល បានឱ្យដឹងថា ការប្រមូលទិន្នន័យ តាមបែបបរិមាណវិស័យត្រូវបានធ្វើឡើងតាមរយៈការជួបសម្ភាសផ្ទាល់ផង និងតាមរយៈអនឡាញ (Online) ផង ជាពិសេសតាមរយៈហ្វេសប៊ុក ដោយមានសកលគំរូចំនួន ៥០០អង្គនិងនាក់ ឆ្លើយកម្រងសំណួរគោលធំៗចំនួន៦៤សំណួរ។ 

  លោកបន្តថា ការឆ្លើយតាមអនឡាញ ត្រូវបានធ្វើឡើងដោយបំពេញចម្លើយតាមទម្រង់ Google Form ក្នុងរយៈពេល១០ថ្ងៃ គឺនៅចន្លោះថ្ងៃទី១៥-២៤ ខែតុលា ឆ្នាំ២០២១ ហើយការសម្ភាសដោយផ្ទាល់ត្រូវបានធ្វើឡើង ក្នុងរយៈពេលមួយសប្តាហ៍នៅចន្លោះថ្ងៃទី២៥-៣១ ខែតុលា ឆ្នាំដដែល។ 

 សូមបញ្ជាក់ថា ការសិក្សានោះក៏បានរកឃើញពីចម្លើយស្តីពីគុណភាពនៃសេវាប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធទូរស័ព្ទចល័តនៅរាជធានីភ្នំពេញផងដែរ ដែលក្នុងនោះរួមមាន សេវាគ្របដណ្តប់ ល្បឿន ស្ថិរភាពនៃផ្គត់ផ្គង់ និងតម្លៃ។ 

   សម្រាប់សកលគំរូគោលដៅទាំង៥០០អង្គនិងនាក់ បេក្ខជនបណ្ឌិត បានបង្ហាញថា ពួកគេមានមុខរបរខុសៗគ្នា ក្នុងនោះរួមមាន៖ ២,៤% ឬ ១២អង្គ ជាព្រះសង្ឃ ១,៨% ឬ ៩នាក់ ជាអ្នកនយោបាយ ១៨,២% ឬ ៩១នាក់ ជាមន្រ្តីរាជការ ១៤,៦% ឬ ៧៣នាក់ ជាមន្រ្តីអង្គការសង្គមស៊ីវិល ១,៤% ឬ ៧នាក់ជាកងកម្លាំងប្រដាប់អាវុធ ១៩,២% ឬ ៩៦នាក់ ជាអ្នកសារព័ត៌មាន ១,៤% ឬ ៧នាក់ ជាអ្នកច្បាប់ ១២,២% ឬ ៦១នាក់ ជាគ្រូបង្រៀន ៨,៤% ឬ ៤២នាក់ ជាសិស្ស-និស្សិត ៧%ឬ៣៥នាក់ ជាអាជីវករ ១,៦% ឬ ៨នាក់ ជាកម្មករ ខណៈ ១១,៨% ឬ ៥៩នាក់ ឆ្លើយថាផ្សេងៗ។                     

 ដើម្បីឈរលើមូលដ្ឋានយេនឌ័រ ការសិក្សាក៏បានជ្រើសរើសយកស្រ្តីចំនួន៣០% ក្នុងចំណោមសកលគំរូគោលដៅសរុបដែលគង់និងរស់នៅក្នុងរាជធានីភ្នំពេញ ហើយពួកគេមានព្រះជន្មនិងអាយុចាប់ពី១៨វស្សានិងឆ្នាំឡើង និងមានកម្រិតសិក្សាចាប់ពីបឋមសិក្សារហូតដល់ថ្នាក់បណ្ឌិត។ នេះបើតាមការបង្ហាញរបស់បេក្ខជនបណ្ឌិត។

 ជាលទ្ធផល សកលគំរូគោលដៅមានរហូតដល់ទៅ៩១,៤% ឬ ៤៥៧អង្គនិងនាក់ ឆ្លើយថា ហ្វេសប៊ុកពិតជាមានឥទ្ធិពលលើការឃោសនាបោះឆ្នោតនៅកម្ពុជា ហើយ ៨៦,៤% ឬ ៤៣២អង្គនិងនាក់ ឆ្លើយថា ហ្វេសប៊ុកបានជំរុញឱ្យពួកគេចេញទៅបោះឆ្នោតកន្លងមក។ 

ទាក់ទិននឹងហ្វេសប៊ុកជាសង្វៀនប្រកួតប្រជែងរវាងអ្នកនយោបាយ និងអ្នកនយោបាយ លទ្ធផលបង្ហាញថា សកលគំរូគោលដៅចំនួនភាគច្រើនរហូតដល់ទៅ ៧១,៤% ឬ ៣៥៧អង្គនិងនាក់ ឆ្លើយថា ត្រឹមត្រូវ។  បន្ថែមពីលើនេះ សកលគំរូគោលដៅមានរហូតដល់ទៅ ៨៦,៨% ឬ ៤៣៤អង្គនិងនាក់ បានបញ្ជាក់ថា ហ្វេសប៊ុកជាស្ពានទំនាក់ទំនងរវាងអ្នកនយោបាយ និងពលរដ្ឋ ឬអ្នកបោះឆ្នោត។ ក្រៅពី នោះ ៦០,៨% ឬ ៣០៤អង្គនិងនាក់ បានទទួលសារនយោបាយតាមរយៈហ្វេសប៊ុក។ 

 បន្ថែមពីលើនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើនមានចំនួន ៥៥,២% ឬ ២៧៦អង្គនិងនាក់ ចូលចិត្តតាមដានរឿងរ៉ាវនយោបាយរបស់ប្រទេសជាតិ ៣៨,៦% ឬ ១៩៣អង្គនិងនាក់ តាមដានម្ដងម្កាល ដែលតួលេខនេះមានន័យថា ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់ហ្វេសប៊ុក គឺចូលចិត្តតាមដានរឿងនយោបាយនៅក្នុងប្រទេស។

 ចំពោះពេលវេលានៃការតាមដានរឿងរ៉ាវនយោបាយវិញ ៥៥,៨% ឬ ២៧៩អង្គនិងនាក់ នៃសកលគំរូគោលដៅ គឺចូលចិត្តតាមដានមិនទៀងពេល ពោលគឺឱ្យតែទំនេរគឺពួកគេមើល និងបន្ទាប់មក ២៤,៦% ឬ ១២៣អង្គនិងនាក់ ចូលចិត្តតាមដាននៅពេលយប់ ហើយ ១០,៤% ឬ ៥២អង្គនិងនាក់ ចូលចិត្តតាមដាននៅពេលព្រឹក ២,២% ឬ ១១អង្គនិងនាក់ ចូលចិត្តតាមដាននៅពេលថ្ងៃត្រង់ ហើយ១,៤% ឬ ៧អង្គនិងនាក់ ចូលចិត្តតាមដាននៅពេលរសៀល។

ចំណែកឯភាពញឹកញាប់នៃការពិភាក្សានយោបាយនៅក្នុងហ្វេសប៊ុក លទ្ធផលបញ្ជាក់ថា សកលគំរូគោលដៅចំនួន៣៣% ឬ ១៦៥អង្គនិងនាក់ បានពិភាក្សាមិនទៀងពេល ពោលគឺឱ្យតែទំនេរ គឺពួកគេពិភាក្សា ហើយមាន៥៧,៤% ឬ ២៨៧អង្គនិងនាក់ មិនបានផ្តល់ចម្លើយ។ ព្រមពេលជាមួយគ្នានោះ មាន៤% ឬ ២០អង្គនិងនាក់ បានពិភាក្សារឿងនយោបាយ១ថ្ងៃក្នុងសប្ដាហ៍ ៣,៤% ឬ ១៧អង្គនិងនាក់ បានពិភាក្សារឿងនយោបាយពី ១ – ៣ថ្ងៃក្នុងសប្ដាហ៍ ហើយ ១,៨%  ឬ ៩អង្គនិងនាក់ បានពិភាក្សារឿងនយោបាយរាល់ថ្ងៃ ខណៈមានតែ ០,៤% ឬ ២អង្គនិងនាក់ប៉ុណ្ណោះ ឆ្លើយថា បានពិភាក្សារឿងនយោបាយពី ១ – ៥ថ្ងៃក្នុងសប្ដាហ៍។ 

  នៅក្នុងទម្រង់របស់ហ្វេសប៊ុករួមមាន តំណផ្ទាល់ខ្លួន (Tag) តាមប្រអប់បញ្ចេញយោបល់ (Comment) តាមប្រអប់សារផ្ទាល់ខ្លួន (Messenger) និងតាមប្រអប់សារជាក្រុម (Group Messenger) លទ្ធផលបានបង្ហាញថា ២៧% ឬ ១៣៤អង្គនិងនាក់ បានទទួលសារនយោបាយតាមទម្រង់តំណផ្ទាល់ខ្លួន ២៧% ឬ ១៣៥អង្គនិងនាក់ បានទទួលតាមទម្រង់ប្រអប់បញ្ចេញយោបល់ ២៤% ឬ ១១៩អង្គនិងនាក់ បានទទួលតាមប្រអប់សារផ្ទាល់ខ្លួន និង ៣៩% ឬ ១៩៦អង្គនិងនាក់ បាន ទទួលតាមប្រអប់សារជាក្រុម ខណៈ ២៦% ឬ ១៣១អង្គនិងនាក់ បានទទួលតាមគ្រប់ទម្រង់ (All forms) ។

មិនខុសពីការទទួលសារនយោបាយនោះទេ លទ្ធផលក៏បង្ហាញដែរពីការបញ្ជូនសារនយោបាយ ដែលក្នុងនោះ ២៣% ឬ ១១៧អង្គនិងនាក់ បានបញ្ជូនតាមការថ្លែងសារផ្ទាល់ខ្លួន (Status) ហើយ ៣៧% ឬ ១៨៥អង្គនិងនាក់ បានបញ្ជូនតាមប្រអប់បញ្ចេញយោបល់ (Comment) ២៥% ឬ ១២៤អង្គនិងនាក់ ផ្ញើតាមទម្រង់ប្រអប់សារផ្ទាល់ខ្លួន (Messenger) ៣២% ឬ ១៦១អង្គនិងនាក់ ផ្ញើតាមប្រអប់សារជាក្រុម (Group Messenger) ហើយ ១៣% ឬ ៦៦អង្គនិងនាក់ បានផ្ញើតាមគ្រប់ទម្រង់របស់ហ្វេសប៊ុក។ ចំណែកឯការចែករំលែកបន្ត (Share) វិញ លទ្ធផលបង្ហាញថា មានរហូតដល់៤៦% ឬ ២៣១អង្គនិងនាក់ បានធ្វើ ហើយ ១៦% ឬ ៧៨អង្គនិងនាក់ ភ្ជាប់តាមរយៈទម្រង់ភ្ជាប់តំណផ្ទាល់ខ្លួន (Tag)។ 

 នៅក្នុងការវិភាគទិន្នន័យ បេក្ខជនបណ្ឌិត ឆាយ សុផល បានសន្និដ្ឋានថា ដោយសារតែហ្វេសប៊ុកងាយប្រើ មានតម្លៃទាប និងអាចផ្សព្វផ្សាយនិងទទួលសាររួមទាំងដំណឹងផ្សេងៗ បានលឿន ទើបហ្វេសប៊ុកក្លាយជាស្ពានទំនាក់ទំនង រវាងអ្នកនយោបាយ និងអ្នកបោះឆ្នោត រវាងអ្នកនយោបាយនិងអ្នកនយោបាយ ហើយាក៏ជាទីលានលំហ ឬជាសង្វៀន ដែលត្រូវបានអ្នកនយោបាយយកទៅប្រកួតប្រជែងគ្នា រហូតមានការបញ្ចើចបញ្ចើ និងបញ្ជោរគ្នា ព្រមទាំងវាយប្រហារគ្នាតាមពាក្យសម្ដី ដែលនាំឱ្យបង្កើតសង្រ្គាមវោហារ បង្កឱ្យមានអរិភាពនឹងគ្នាក្នុងចំណោមអ្នកនយោបាយ និងអ្នកគាំទ្រនយោបាយ។

 បេក្ខជនបណ្ឌិត បានសន្និដ្ឋានថា ដោយសារឥទ្ធិពលហ្វេសប៊ុកនេះហើយ ទើបអ្នកនយោបាយបានប្រើប្រាស់វាជាវេទិកាប្រកួតប្រជែងគ្នាដើម្បីដណ្តើមប្រជាប្រិយ និងស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត ខណៈដែលអ្នកបោះឆ្នោតនៅកម្ពុជាក៏បានផ្លាស់ប្តូរឥរិយាបថ ក្នុងការចូលរួមនយោបាយ ការពិភាក្សានយោបាយ ជាពិសេសការយល់ដឹងពីតម្លៃនៃសន្លឹកឆ្នោត និងចេញទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនទុកចិត្ត។

 នៅចុងក្រោយនៃបទបង្ហាញលទ្ធផល បេក្ខជនបណ្ឌិត ឆាយ សុផល ក៏បានផ្តល់អនុសាសន៍ថា  ដោយប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសេរីភាពនៃការបញ្ចេញមតិ ផ្អែកតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍នានារបស់ជាតិ និងអន្តរជាតិផង នោះបណ្តាញផ្សព្វផ្សាយសង្គម ជាពិសេស ហ្វេសប៊ុក ត្រូវបន្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តឱ្យអ្នកគាំទ្រនយោបាយ ជាពិសេសអ្នកគ្រប់អាយុចូលរួមបោះឆ្នោត មានសិទ្ធិចូលរួមពិភាក្សានយោបាយ ចែករំលែក និងទទួលសារនយោបាយ ក៏ដូចជាចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនឱ្យដឹកនាំ ចាប់ពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ។

  ទន្ទឹមនឹងនោះ បេក្ខជនបណ្ឌិត ក៏បានទទូចឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុក ដោយឡែកអ្នកប្រើប្រាស់ក្នុងផលប្រយោជន៍នយោបាយ ដែលមានទាំងអ្នកគាំទ្រនយោបាយ សកម្មជននយោបាយ និងអ្នកដឹកនាំនយោបាយត្រូវប្រកាន់យក និងពង្រឹងសីលធម៌នយោបាយឱ្យបានខ្ពស់ ដោយមិនត្រូវប្រើប្រាស់ហ្វេសប៊ុក ជាសមរភូមិប្រយុទ្ធគ្នាស្លាប់រស់នោះឡើយ៕

To Top