ព័ត៌មានជាតិ

អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជា តាមរយៈវិស័យដែលមានសក្តានុពល

ភ្នំពេញ ៖ លោកស្រី ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា បានថ្លែងថា អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជា តាមរយៈវិស័យដែលមានសក្តានុពល រួមមាន ៖ វិនិយោគលើវិស័យធនធានមនុស្ស, ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល, ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។

ក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោកស្រី ប៉ូលីន ថាំមីស៊ីស បានវាយតម្លៃខ្ពស់ចំពោះភាព ជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភពលោក និងការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលទាំងអស់នេះសុទ្ឋសឹងជាភាពជោគជ័យដែលជាគំរូមិនត្រឹមតែសម្រាប់ប្រទេសនានាទេ ប៉ុន្តែជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់បាននាពេលអនាគត។

លោកស្រី បានបញ្ជាក់ថា «ប្រព័ន្ធអង្គការសហប្រជាជាតិប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា តាមរយៈវិស័យដែលមានសក្តានុពល ដូចជា ៖ ,ទី១-វិនិយោគលើវិស័យធនធានមនុស្ស ,ទី២-ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងទី៣- ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង»។

នាឱកាសនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រី បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសថ្មីៗនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចតេជោ លើកឡើង អំពីការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការទទួលឲ្យចូលចតនូវនាវា Wasterdam ដែលពេលនោះប្រសិនបើកម្ពុជាមិនអនុញ្ញាតឲ្យចូលចតនោះទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរនៅលើនាវានោះទៅជាយ៉ាងណានោះទេ៕

To Top