ព័ត៌មានជាតិ

បទអត្ថាធិប្បាយ ៖ សូមកុំឱ្យការសប្បាយ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រែក្លាយជាទុក្ខ

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នឹងត្រូវប្រារព្ធឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ដែលប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមធ្វើយ៉ាងណា ឲ្យពិធីបុណ្យនេះ បានប្រព្រឹត្តិទៅយ៉ាងអធឹកអធម ក្រោយពីអាក់ខានអស់រយៈពេល ២ឆ្នាំ ដោយសារតែការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ។

បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិមួយ ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលរាជរដ្ឋាភិបាល បានអនុញ្ញាត ឱ្យមន្ត្រីរាជការ កម្មករ ប្រជាពលរដ្ឋបានឈប់ សម្រាកពីការងារ ទៅលេងស្រុកកំណើត ធ្វើដំណើរកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ផ្សេងៗ លេងល្បែងប្រជាប្រិយខ្មែរ និងមានឱកាសទៅធ្វើបុណ្យទាន តាមទីវត្តអារាមជាដើម ។

នៅក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋទាំងអស់រួមគ្នា បន្តអនុវត្តវិធានការ ចាំបាច់នានា ដើម្បីសុខភាព រួមទាំងការចម្លងវីរុសកូវីដ១៩ ។

លោកជំទាវបន្ថែមថា បច្ចុប្បន្ននេះ វត្តមានវីរុសកូវីដ១៩នៅមិនទាន់ចប់នៅឡើយទេ ដោយជំងឺនេះ នៅតែរាតត្បាត នៅលើសកលលោក តំបន់ និងប្រទេសកម្ពុជាយើងនៅឡើយ។

សំឡេង៖ «ដើម្បីឱ្យការដើរកម្សាន្តរបស់មានភាពសប្បាយរីករាយ នឹងមានការចៀសផុតពីការចម្លង នូវជំងឺតង្កាត់ផ្សេងៗ ជាពិសេសឈឺជំងឺកូវីដ១៩នេះ សូមក្រើនរំលឹកនិងអំពាវនាវដ៏ទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្តអនុវត្តនូវវិធានការការពារខ្លួន ឱ្យបានម៉ត់ចត់ជាទីបំផុត ជាពិសេស ត្រូវចេះរៀនរស់ជាមួយវត្តមាននៃវីរុសកូវីដ-១៩ដោយបន្តការប្រុងប្រយ័ត្ន និងការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី ដោយត្រូវបន្តអនុវត្តនូវវិធានការ៣ការពារ និង៣កុំឱ្យបានម៉ត់ចត់ជាទីបំផុត»។

ពាក់ព័ន្ធទៅនឹង បញ្ហានេះ លោកអ៊ួង វុធ ជាប្រជាពលរដ្ឋម្នាក់ រស់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះការណែនាំនេះ ហើយនឹងអនុវត្តន៍ នូវវិធានការនេះ ឱ្យបានល្អ ។ លោកចាត់ទុកថា រាជរដ្ឋាភិបាលបានបើកឱ្យមានការរៀបចំពិធីបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរនេះ គឺជារឿងល្អណាស់សម្រាប់រូបលោក ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត បានឈប់សម្រាក ជួបជុំក្រុមគ្រួសារ និងដើរកម្សាន្តជាដើម ។

លោកបានប្តេជ្ញា ប្រុងប្រយ័ត្នខ្ពស់ អនុវត្តន៍នូវវិធានការ ៣កុំ៣ការពារ ពេលទៅណាមកណា នឹងពាក់ម៉ាស់ កាន់អាកុលជាប់ខ្លួន និងមិនទៅ កន្លែង ដែលមានមនុស្សច្រើនទេ ។ បើធ្វើដំណើនឹងគោរពច្បាប់ចរាចរណ៍។ សំឡេង៖ «ក្នុងនាម ខ្ញុំជាប្រជាពលរដ្ឋម្នាក់ ក្នុងពេលបុណ្យចូលឆ្នាំនេះ ខ្ញុំមិនភ្លេចទេ ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលជានិច្ច។ ខ្ញុំ ក៏នឹងណែនាំដល់ក្រុមគ្រួសារបន្តទៀត កុំឱ្យការសប្បាយក្លាយជាទុក្ខ ពេលធ្វើដំណើរត្រូវគោរច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់ពីអគ្គិភ័យជាដើម»។

ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ប្រជាពលរដ្ឋច្រើន ចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តផ្សេងៗ ហើយដើរលេងកម្សាន្ត នៅតាមតំបន់ទេសចរណ៍ ទូទាំងប្រទេស ប្រមូលផ្តុំគ្នាច្រើន ព្រោះពួកគាត់ខកខានមិនបានសប្បាយ ជួបជុំក្រុមគ្រួសារជាង២ឆ្នាំហើយ ដោយសារតែការឆ្លង ជំងឺកូវីដ-១៩។ ការណ៍នេះ នឹងប្រឈមការឆ្លងជំងឺកូវីដ-១៩ថែមទៀត បើសិនពួកគេភ្លេចខ្លួន មើលស្រាលជំងឺនេះ មិនបានការពារបានត្រឹមត្រូវ ។ មួយវិញទៀត ក្នុងឱកាសចូលឆ្នាំខ្មែរនេះដែរ ការចំណាយរបស់ប្រជាជនយើង ក៏មានច្រើនដែរ ព្រោះត្រូវទិញសម្ភារៈ ចំណីអាហារ នំចំណីរ ជួបជុំក្រុមគ្រួសារ ទិញគ្រឿងស្រវឹង ហើយអ្នកខ្លះទៀត ត្រូវធ្វើដំណើរទៅ តាមគោលដៅផ្សេងៗជាដើម ។

ប្រិយមិត្តជាទីមេត្រី ! ដើម្បីកុំឱ្យមានការសោកស្ដាយ និងកើតមានគ្រោះថ្នាក់ផ្សេងៗនោះ បើអ្នក ធ្វើដំណើរតាមម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើអ្នកបើកបរ ឬអ្នកធ្វើដំណើរ តាមរថយន្តត្រូវពាក់ខ្សែក្រវាត់ មុនពេលចាក់ចេញពីផ្ទះ ត្រូវបិទប្រព័ន្ធអគ្គិសនី បិទប្រព័ន្ធទឹក ចាក់សោផ្ទះឱ្យបានត្រឹមត្រូវ ។ ត្រូវប្រកាន់ឱ្យបាននូវវិធានការ បីកុំបីការពារពាក់ម៉ាស់ លាងដៃ បាញ់អាកុលពេលចូលរួមជួបជុំផ្សេងៗ ។ មិនត្រូវលេងបាច ឬជះទឹក ប៉ាតម្សៅគ្នា ដុតផាវ ឬគ្រឿងផ្ទុះឡើយ នាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ។

ពាក់ព័ន្ធទៅនឹងចំណាយថវិកាវិញ បើអ្នកមានជីវភាពធូធារមិនចោទជាបញ្ហានោះទេ តែបើអ្នកនៅមានជីវភាពខ្វះខាតទេ គប្បីចំណាយឱ្យចំគោលដៅ និងត្រូវសន្សំសំចៃលៃ ទុកផង គឺចំណាយផ្សេងៗឱ្យសមតាមជីវភាពលទ្ធភាព កុំឱ្យការសប្បាយមួយ ពេលរបស់យើងមួយពេល ធ្វើឱ្យយើងក្រមួយឆ្នាំ ឱ្យសោះ ។

សរុបសេចក្តីមក ដើម្បីឱ្យដំណើរកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរយើង ប្រកបដោយ សុខសន្តិភាព សុវត្ថិភាព និងសប្បាយរីករាយ តោងប្រជាជនទាំងអស់ត្រូវ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល គោរពច្បាប់ចរាចរណ៍ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីអគ្គិភ័យ និងគ្រោះថ្នាក់ផ្សេងៗកុំសប្បាយភ្លេចខ្លួនឱ្យសោះ បើមិនដូច្នោះទេ ការសប្បាយរបស់យើងនឹងក្លាយ ជាទុក្ខលំបាកវិញជាក់ជាមិនខាន៕
(អត្ថបទវិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top