ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ មានសុទិដ្ឋិនិយមថា ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ នឹងបើកទ្វារឲ្យខេត្តមួយនេះស្រូបយករំហូរវិនិយោគ និងការអភិវឌ្ឍ ដែលមិនធ្លាប់មានកន្លងមក។
ក្នុងពិពីផ្សព្វផ្សាយ ស្ដីពីការដាក់ឲ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា គណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដែលជាយន្តការស្ថាប័នដ៏ចម្បង បង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំការអនុវត្តផែនការមេនេះ ត្រូវរៀបចំរចនាសម្ព័ន្ធ និងលេខាធិការដ្ឋានឲ្យបានច្បាស់លាស់ ដើម្បីដឹកនាំការងារនេះឲ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំ ហើយត្រូវធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារជូនរាជរដ្ឋាភិបាលជារៀងរាល់ឆ្នាំ។
លោក បានបញ្ជាក់ថា «ខ្ញុំមានសុទិដ្ឋិនិយមថា ការដាក់ចេញនូវផែនការមេនេះ នឹងបើកទ្វារឲ្យខេត្តមណ្ឌលគិរី ស្រូបយកនូវរំហូរវិនិយោគ និងការអភិវឌ្ឍក្នុងកម្រិតមួយ ដែលមិនធ្លាប់មានកន្លងមក។ ខ្ញុំ សង្ឃឹមថា រំហូរវិនិយោគ និងការអភិវឌ្ឍនេះ នឹងមានតុល្យភាពជាមួយនឹងការអភិរក្សអត្តសញ្ញាណដើមរបស់ខេត្ត ដែលត្រូវបានទទួលស្គាល់ថា ជាខេត្តទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ជាតិដើមភាគតិចដ៏ពិសិដ្ឋ។ ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំ សូមស្នើរដ្ឋបាលខេត្តមណ្ឌគិរី បន្ដអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានម៉ត់ចត់ ក្នុងការការថែរក្សាធនធានធម្មជាតិ និងទប់ស្កាត់បញ្ហាអវិជ្ជមាននានា»។
លើសពីនេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវឲ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិទាំងអស់ អនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះបរិស្ថាន ធនធានធម្មជាតិ និងបេតិកភ័ណ្ឌវប្បធម៌ នៅក្នុងខេត្តមណ្ឌលគិរីនេះ ដើម្បីឲ្យធនធាននៃវិស័យទេសចរណ៍ទាំងនេះ ស្ថិតស្ថេរប្រកបដោយចីរភាព៕