ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣-១៩មេសា កម្ពុជា នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន ដោយលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃ១២ មេសា បានឲ្យដឹងថា នៅថ្ងៃទី១៣-១៦ ខែមេសា កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ប៉ះនិងសីតុណ្ហភាពផ្ទៃក្នុងប្រទេសឡើងកំដៅ (ហប់) បង្កើតបានជាបាតុភូតទែម៉ូឌីណាមិច (Thermodynamic) ។
ចាប់ពីថ្ងៃ១៧-១៩ មេសា សីតុណ្ហភាពអតិបរមា មានភ្លៀង នឹងចុះថមថយបន្តិចវិញផងដែរ ។
ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី២៤-២៧អង្សាសេ និងសីតុណ្ណភាពអតិបរមាពី៣៥-៣៧អង្សាសេ ។ ក្នុងចន្លោះពីថ្ងៃទី១៣-១៧ មេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។
ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាពី២៣-២៤អង្សាសេ និងសីតុណ្ណភាពអតិបរមាពី៣៤-៣៧អង្សាសេ ។ ក្នុងចន្លោះពីថ្ងៃទី១៣-១៧ មេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។
ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២២-២៥អង្សាសេ និងសីតុណ្ណភាពអតិបរមាពី ៣០-៣៣អង្សាសេ ។ ក្នុងចន្លោះពីថ្ងៃ១៣-១៧ មេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ៕