ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង បំពេញបេសកកម្មរបស់ សមាគមសារព័ត៌មាន កម្ពុជា-ចិន ហៅកាត់ថា សសកច ក្នុងរយៈកាលកន្លងទៅដែលបាន យកអស់កម្លាំងកាយនិងកម្លាំងចិត្ត ក្នុងការបំរើសង្គមជាតិ និងអ្នកសារព័ត៌មាន ។
ការលើកឡើងរបស់លោករដ្ឋមន្ដ្រីបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យគណៈកម្មាធិការ នាយកសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច_CCJA) ដឹកនាំដោយ លោក សយ សុភាព ជាប្រធាន ជួបសម្ដែងការគួរសម នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ មុនបុណ្យចូលឆ្នាំខ្មែរ នាទីស្តីការក្រសួង។
តាងនាមឲ្យគណៈកម្មាធិការនាយក លោក សយ សុភាព បានជម្រាបលោករដ្ឋមន្រ្តី អំពីដំណើរការនិងសកម្មភាព របស់សមាគមដែលបំពេញ បេសកកម្មរបស់ខ្លួន ក្នុងរយៈកាលកន្លងមក ជាពិសេសបានចូលរួមស្វែងរកមូលនិធិ និងបានផ្តល់ជំនួយមនុស្សធម៌ ដល់អ្នកសារព័ត៌មានចំនួន២០០នាក់ ជួបការខ្វះខាត អំឡុងពេលបិទខ្ទប់កូវីដ-១៩ នាឆ្នាំ២០២០ និង២០២១ ។
លោកបន្ថែមថា សសកច បានចូលរួមចែកអំណោយ របស់សមាគមដល់មន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១ ក្រៅពីនេះ ដោយមានកិច្ចសហការជាមួយ មូលនិធិសន្តិភាពអភិវឌ្ឍន៍ប្រទេសចិន បានរៀបចំសិក្ខាសាលាកម្រិតខ្ពស់ ប្រ័ពន្ធផ្សព្វផ្សាយប្រទេសមេគង្គឡានឆាង នាថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន។
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១, វេទិកាថ្នាក់និពន្ធនាយក ស្តីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតនៅកម្ពុជា និងនៅឆ្នាំ២០២២ រៀបចំដោយគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ សិក្ខាសាលាថ្នាក់ជាតិស្តីពីលទ្ធភាព ក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ដែលមិនមានសុវត្ថិភាពមក ជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។ សិក្ខាសាលាប្រចំាឆ្នាំ ស្តីពីការចែករំលែកបទពិសោធន៍ និងការអនុវត្ត អំពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិត២៤ មីនា ២០២២ ៕