ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ ការលះបង់ របស់ប្រជាការពារ ក្នុងគោលដៅតែមួយគត់ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនពលរដ្ឋ (Video)

ភ្នំពេញ ៖ កម្លាំងប្រជាការពារ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដោយមិនបានគិតថា ពេលយប់ឬពេលថ្ងៃឡើយ គឺមានគោលដៅតែមួយគត់ ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ។ នេះគឺជាការលើកឡើង របស់លោក ហ៊ុន ម៉ានី សមាជិក រដ្ឋសភា មណ្ឌលកំពង់ស្ពឺ និងជាប្រធាន ជាសហភាព សហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសជួបសួរសុខទុក្ខ និងចែកអំណោយ ដល់កងកម្លាំងសន្តិសុខ របស់រាជធានីភ្នំពេញជាង៧០០នាក់ នៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ានី បានលើកឡើងថា ប្រជាការពារនៅរាជធានីភ្នំពេញ បានលះបង់កម្លាំងកាយ កម្លាំងចិត្តមិនថា យប់ថ្ងៃ ក្តៅរងារឬមានភ្លៀងធ្លាក់នោះទេ ពួកគាត់តែងបំពេញការងារ មិនខ្លាចនឿយហត់ឡើយ ក្នុងគោលបំណងតែមួយគត់ គឺរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ នៅក្នុងរាជធានីភ្នំពេញ ពិសេសគឺ រក្សាឲ្យបានភូមិ-ឃុំ មានសុវត្ថិភាព ។

នាឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា សម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាការពារ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធជានិច្ច ។ នេះជាការបង្ហាញឲ្យឃើញពីមនោសញ្ជេតនាស្រឡាញ់រាប់អាន ការផ្ដល់តម្លៃនិងការគិតគូរ ជាប្រចាំសម្រាប់មន្ត្រីក្រោមឱវាទពិសេស គឺប្រជាការពារ នៅរាជធានីភ្នំពេញ។

លោកបន្តថា ចលនាប្រជាការពារ គឺជាកម្លាំងស្ម័គ្រចិត្ត ដើម្បីរួមចំណែក ការពារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព សង្គមនៅក្នុងមូលដ្ឋាន សង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ ។ កម្លាំងប្រជាការពារ ជាជំនួយការការងារយ៉ាងសំខាន់ របស់អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ទៅលើការងារមួយចំនួនដូចជាការងារ សម្រួលចរាចរណ៍ ការសំអាតអនាម័យបរិស្ថាន ជាមួយនឹងការងារសង្គ្រោះបឋមផងដែរ ។
បន្ថែមពីលើនេះទៀត ប្រជាការពារ ក៏ជាអ្នកប្រយុទ្ធប្រឆាំង យ៉ាងខ្លាំងក្លាផងដែរ ទៅនឹងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាការពារតាមរយៈលោក ហ៊ុន ម៉ានី រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញនេះ មានចំនួន៧៣៤នាក់ ម្នាក់ៗទទួលបាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និងថវិកា៨ម៉ឺនរៀល ៕

To Top