ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នមាននិន្នាការកើនឡើង បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។
ក្នុងកម្មវិធីទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៣ ធ្វើឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ សម្ដេច ស ខេង បានអំពាវនាវប្រជាពលរដ្ឋគ្រប់រូប និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ បន្ដចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ពេលវេលា រាល់ពេលធ្វើដំណើរ។
សម្ដេចមានប្រសាសន៍ថា «ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏យូរអង្វែង ហើយជាក់ស្ដែងទោះជាមានការថយចុះក្នុងឆ្នាំ២០២០ និងក្នុងឆ្នាំ២០២១ ក៏ដោយ ក៏ប៉ុន្ដែគ្រោះថ្នាក់នេះមាននិន្នាការកើនឡើង បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល ក្នុងត្រីមាសទី៤ ក្នុងឆ្នាំ២០២១ និងត្រីមាសទី១ ឆ្នាំ២០២២នេះ ដែលបណ្ដាលឲ្យចំនួនអ្នកស្លាប់ និងអ្នករងរបួសមានអត្រាខ្ពស់ លើសគ្រោះសង្គមនានា ជាមធ្យោមក្នុងមួយថ្ងៃមានអ្នកស្លាប់៥នាក់ និងអ្នករបួសចំនួន១១នាក់»។
សម្ដេច រៀបរាប់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ បើប្រៀបធៀប ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើនចំនួន ១០៦លើក ស្មើនឹង១៤ភាគរយ គឺ ៨៦៩ លើ ៧៦៣លើក ចំនួនអ្នកស្លាប់កើន៦០នាក់ ស្មើនឹង ១៤ភាគរយ គឺ ៤៩៣ ស្មើនឹង ៤៣៣នាក់ និងចំនួនអ្នករងរបួស កើន ១៤៩នាក់ ស្មើនឹង ១៣ភាគរយ គឺ ១២៦២នាក់ លើ១១៣នាក់។
សម្ដេច បន្ដថា មូលហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ មកពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ ក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនពាក់មួកសុវត្ថិភាព និងបញ្ហាផ្សេងៗទៀត។ សម្ដេចថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងបន្ដទប់ស្កាត់គ្រោះថ្នាកចរាចរណ៍ តាមរយៈដាក់ចេញទិសដៅការងាររបស់គណៈកម្មាធិការ នៅឆ្នាំ២០២២។
សូមបញ្ជាក់ថា ឆ្នាំ២០២១ កន្លងទៅគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងចំនួន ២ ៦៧០លើក បណ្តាលឲ្យស្លាប់សរុប ១ ៤៩៧នាក់ និងរបួស ៣ ៦១៥នាក់ ក្នុងនោះ របួសធ្ងន់ជាង ២ ២០០នាក់។ ធៀបទៅនឹងឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ បានថយចុះចំនួន៥០៩លើក ស្មើនឹង១៦%។ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍វិញគឺមានការថយចុះ៩% ស្មើនឹង១៤៩នាក់ ហើយរបួសថយចុះជាង១ ០០០នាក់៕