ព័ត៌មានជាតិ

កម្ពុជា-ថៃ ប្ដេជ្ញា រួមគ្នាប្រឆាំង បទល្មើសឆ្លងដែន គ្រប់ប្រភេទ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា និង នាយឧត្តមសេនីយ៍ Suwat Jangyodsuk អគ្គស្នងការនគរបាលភូមិន្ទថៃ បានឯកភាពគ្នាពង្រឹង ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់ព្រំដែន ព្រមទាំងរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទ ល្មើសឆ្លងដែនគ្រប់ប្រភេទ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការនគរបាលជាតិ។

ក្នុងជំនួបពិភាក្សារងាររវាង នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ Suwat Jangyodsuk នាថ្ងៃទី១២ មេសា ភាគីទាំងពីរ បានឯកភាពគ្នា ដូចជា ៖

ទី១-លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ ឲ្យកាន់តែជិតស្និទ្ធថែមទៀត សំដៅពង្រឹងស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់ព្រំដែន រួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបង្កលក្ខណៈសម្បត្តិងាយស្រួលជូនពលរដ្ឋទាំងសង្ខាង ក្នុងការចេញ-ចូលប្រកបមុខរបរអាជីវកម្មប្រចាំថ្ងៃដោយស្របច្បាប់។

ទី២-បង្កើតយន្តការ ដើម្បីសហការបង្ក្រាប បទល្មើសក្នុងនោះ ដែលក្នុងករណីចាំបាច់ អាចទំនាក់ទំនងដោយផ្ទាល់ (ថ្នាក់ដឹកនាំននគរបាលជាតិ ប្រទេសទាំងពីរ) សំដៅធ្វើការផ្លាស់ប្តូរព័ត៌មាន តាមចាប់ជនល្មើស និងជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។

ទី៣-អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នឹងជ្រើសរើសពេលវេលាសមស្រប ដើម្បីរៀបចំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ តបតាមការអញ្ជើញរបស់ភាគីថៃ ។

និងទី៤-នឹងរៀបចំកិច្ចប្រជុំទ្វេភាគី រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាន នគរបាលភូមិន្ទថៃនាចុងឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហការរក្សាស្ថិរភាពសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ (កម្ពុជាធ្វើជាម្ចាស់ផ្ទះ)៕

To Top