ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ផ្ដល់កិត្តិយសប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកា សមាជិក សមាគមកាយឫទ្ធិនារីកម្ពុជា ជាង២០០នាក់ 

ភ្នំពេញ: សមាជិកា សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជាប្រមាណជាង២៤៣នាក់ ត្រូវបានលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាជូនជាសមាជិកា សមាជិក នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ “Promise Ceremony” នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ដែលមានការចូលរួមពីស្ថាបនិក អតីតអគ្គស្នងការ ស្នងការ សសមាជិកបំពាក់កន្សែងចំនួន២៤៣នាក់​ សមាជិកគាំទ្រ១៦៥ សមាជិកសកម្ម៧៨នាក់ និងភ្ញៀវកិត្តិយសសរុបជាង៣០០នាក់។  

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍លើកឡើងថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជាគឺបានផ្ដល់ឱ្យសមាជិកនូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ផ្តល់ឱកាសនិងលទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះសមាជិកា សមាជិកទាំងអស់ត្រូវបានជំរុញលើកទឹកចិត្តឱ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោករបស់សមាគម”កម្លាំងស្ម័គ្រចិត្តដើម្បីកុមារី និងយុវតីកម្ពុជា”។ 

លោកស្រីបណ្ឌិត បានថ្លែងអំណរគុណដល់សមាជិកា សមាជិកសកម្ម និងគាំទ្រដែលបានចូលរួមក្នុងការគាំទ្រចែករំលែកទាំងចំណេះដឹង ពេលវេលា សម្ភារៈ និងថវិកាក្នុងការជូនដល់កុមារី យុវតីតាមរយៈសមាគមកាយឫទ្ធិនារីកម្ពុជា។ លោកស្រី បានបញ្ជាក់ថា តាមរយៈជំនួយពីសប្បុរសជននានា សមាគមនឹងយកមកបម្រើដល់សកម្មភាព និងគាំទ្រឱ្យកិច្ចដំណើរការរបស់សមាគមមានប្រសិទ្ធភាពខ្ពស់ដើម្បីជួយអភិវឌ្ឍថាមពលកុមារី យុវតីរបស់កម្ពុជាមានអនាគតល្អ និងក្លាយជាធនធានដែលចាំបាច់ក្នុងការកសាងប្រទេសជាតិតទៅមុខទៀត។ 

សូមបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគមបានធ្វើសកម្មភាពជាច្រើន និងបានចុះសំណេះសំណាលសួរសុខទុក្ខសមាជិកា សមាជិកតាមបណ្តាខេត្ត និងបង្រៀនសម្ដែងរបាំប្រពៃណីរបស់កុមារី យុវតី រៀបចំកម្មវិធី Thinking Day កម្មវិធីបញ្ចូលសមាជិកថ្មីលើកទី២១ និងសកម្មភាពសង្គមសំខាន់ៗជាច្រើនទៀត។

បន្ទាប់ពីពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២រួចមក  លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំស្នងការ កុមារី យុវតី និងសមាជិកា សមាជិកសមាគមដាំដើមឈើនៅមុខប្រាសាទអង្គរវត្តទុកជាអនុស្សាវរីយ៍ប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង៕

To Top