ព័ត៌មានជាតិ

​កងពលតូច​លេខ​៧០​ បេីកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការធានាសកម្មភាព ចាក់វ៉ាក់សាំងកូវីដ-១៩​​ សម្រាប់ពលរដ្ឋ​ នៅក្នុង​និងជុំវិញ ភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ​កងពលតូច​លេខ​៧០ នៅរសៀល​ថ្ងៃ​ទី១៨​ ខែមេសា​​ ឆ្នាំ​២០២២នេះ​ បានអញ្ជេីញបេីកកម្មពិធីប្រជុំផ្សព្វផ្សាយ ផែនការធានាសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសទី៣​ និងដូសទី៤​ ជំហានទី១​ សម្រាប់ប្រជាពលរដ្ឋ​ និងកម្មករ​ និយោជិក​ នៅក្នុង​ និងជុំវិញភូមិសាស្រ្តរាជធានីភ្នំពេញ​ នាទីបញ្ជាការកងពលតូចលេខ៧០។  

សូមជម្រាបផងដែរថា​ ការចុះចាក់វ៉ាក់សាំងកូវីដ-១៩​ដូសទី៣​ និងទី៤​ ជំហានទី១ជូន​ប្រជាពលរដ្ឋ​ និងកម្មករ​ និយោជិក​ នៅក្នុងនិងជុំវិញភូមិសាស្រ្តរាជធានីភ្នំពេញ​ នឹងចាប់ផ្តេីមដំណេីការពីថ្ងៃទី២០​ ខែមេសា​ រហូតដល់ថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២២​នេះតទៅ។ 

ក្នុងឱកាសនេះដែរ​ លោក​ឧត្តមសេនីយ៍ឯក ​បានមានប្រសាសន៍ថា​ គោលដៅអនុវត្តផែនការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣​ និងដូសទី៤​ ជំហានទី១ជូនប្រជាពលរដ្ឋ​ និងកម្មករ​ និយោជិក​ នៅក្នុងនិងជុំវិញ ភូមិសាស្ត្ររាជធានីភ្នំពេញ​ ​សំដៅពង្រឹង​ និងពង្រីកភាពស៊ាំក្នុងសហគមន៍ អោយកាន់តែល្អប្រសេីរឡេីង​ ព្រមទាំងរក្សាបាននិរន្តរភាពនៃដំណេីរការសកម្មភាពសង្គម-សេដ្ឋកិច្ច ជាប្រក្រតី។ ជាពិសេសដេីម្បីបន្តប្រយុទ្ធប្រឆាំងចំពោះការឆ្លងរាលដាល នៃជំងឺកូវីដ-១៩មេរោគបំប្លែងថ្មី​ ប្រភេទអូមីក្រុង(Omicron) ដែលបានចម្លងចូលទៅក្នុង សហគមន៍កម្ពុជា ចាប់តាំងពីដេីមឆ្នាំ២០២២នេះ។ 

ជាមួយគ្នានេះដែរ​ លោកមេបញ្ជាការកងពល បានរំលឹកផងដែរថាកន្លងមកនេះ កងពល​បានចូលរួម ក្នុងយុទ្ធការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិ ក្នុងនោះ​​បាន​ចាក់វ៉ាក់សាំង ជូនកងទ័ព និងគ្រួសារ​កងទ័ព​ ​ទាំង៨ខណ្ឌ។ ជាពិសេសកងពលក៏ធ្លាប់បានចូលរួម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ កម្មការនីដែលរស់នៅ ក្នុងតំបន់ក្រហម នៃខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ដែលមាន ៦សង្កាត់​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយទទួល​បានលទ្ធផលល្អ និងបានត្រៀម​ខ្លួន​ជាស្រេច​អនុវត្ត​ដាច់ខាត ​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ អគ្គបញ្ជាការ ​នៃ​កង​យោធពលខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​ទ័ព​ជេីងគោក​។​

​លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានកោតសសេីរ ដល់មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងតស៊ូ លះបង់ពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយការគោរពវិន័យ ការគោរពបទបញ្ជា សាមគ្គីឯកភាពគ្នាជាធ្លុងមួយ គួបផ្សំនឹងស្មារតីទទួលខុសត្រូវខ្ពស់ របស់មេបញ្ជាការគ្រប់ជាន់ថ្នាក់ ក្នុងការបែងចែក និងចាត់ចែងអនុវត្តការងារប្រកបដោយជោគជ័យ ក្នុងរយៈពេលកន្លងមក៕

To Top