ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ចាប់ពីថ្ងៃទី២០ដល់២៦មេសា ឆ្នាំ២០២២។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃ១៩ មេសា បានលើកឡើងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក) និងកម្រិតសម្ពាធទាបខ្សោយ ។
ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៤-៣៦ អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែក កន្លែងខ្លះ ក៏អាចមានភ្លៀងច្រើនជាបង្គួរផងដែរ ។
ចំណែក បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៥អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាពអប្បបរមាពី ២២-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៥អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្នុងនោះខេត្ត កោះកុង អាចទទួលបរិមាណទឹកភ្លៀងច្រើនជាងគេ ។
ក្រសួងថា ដូច្នេះ សាធារណជនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ៕