ភ្នំពេញ ៖ សមត្ថកិច្ចនគរបាល ជំនាញខេត្តឧត្តរមានជ័យ កាលពីរសៀល ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ កន្លែងទៅនេះ បានឃាត់ខ្លួន យុវជនសង្ស័យចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងករណី រំលោភបូក កុមារីរងគ្រោះម្នាក់ រួចសម្លាប់នាងចោល ដោយ យកសាកសពទៅបោះចូល នៅក្នុង អូរ នៅច្រកអូរស្មាច់ ដើម្បីបំបិទភស្តុតាង ហើយរត់គេចខ្លួន បាត់ស្រមោលឈឹង ។
អំពើឃាតកម្ម ដ៏សែនសាហាវឃោរឃៅនេះ បានកើតកាលពីអាធ្រាត ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ វេលាម៉ោង ប្រមាណ ១១ ឬ ១២ យប់ នៅចំណុចភូមិចំការចេក ឃុំអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ប៉ុស្តិ៍រដ្ឋបាលឃុំឃុំអូរស្មាច់ បានអោយដឹងថា ជនសង្ស័យទាំង៣នាក់ ខាងលើនេះ មានឈ្មោះ ទី១៖ ឈ្មោះ ភាក់ សីហា ភេទ ប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ទី២៖ ឈ្មោះ ភាជ សុជាតិ ភេទ ប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ និង ទី៣- ឈ្មោះ ត្រយ ចិត្រា ភេទ ប្រុស អាយុ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ។ ជនរងគ្រោះ មានបងប្អូន ចំនួន៤នាក់ ហើយនាង គឺ កូនស្រីច្បងនៅក្នុងគ្រូសារ កសិករ ក្រីក្រ ដែលមានទីលំនៅ ក្នុងឃុំអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ បាននិយាយថា យោងតាមសាក្សីម្នាក់ (អ្នកភូមិ) នៅថ្ងៃកើតហេតុនោះ ម៉ោងប្រមាណ ជិត៨ យប់ ជនរងគ្រោះ បានធ្វើដំណើរទៅ មើលគេរាំកម្សាន្ត ដើម្បីប្រារព្ធពិធីបុណ្យឆ្នាំថ្មី នៅក្នុងភូមិ។ បន្ទាប់មក នាងក៏ ត្រូវបានបាត់ខ្លួន។
លុះនៅវេលាម៉ោងប្រមាណ ជាង១រសៀល ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២២ សាកសពរបស់នាង ត្រូវបានអ្នកភូមិប្រទះឃើញ ត្រូវស្លាប់ និង អណ្តែតទឹក នៅមាត់អូរទាំងខ្លួនប្រាណគ្របដណ្តប់ ហើយសម្លៀកបំពាក់មិនសមរម្យ ស្បែកជើង និងរបស់របរប្រើប្រាស់រប៉ាត់រប៉ាយ នៅចំណុចភូមិចំការចេក ស្ថិតក្នុងស្រុកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អ្នកភូមិ ក៏បានរាយការណ៍ ទៅ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំឃុំអូរស្មាច់ ដើម្បីសុំការអន្តរាគមន៍។ ហើយកម្លាំងនគរបាលជំនាញ ក៏បានចុះទៅ ពិនិត្យទីតាំង និងស្រង់សាកសព របស់ជនរងគ្រោះ ដើម្បី ពិនិត្យ និង ធ្វើកោសល្យច្ច័យ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ជាលទ្ធផល នៃ ការពិនិត្យ និង ការធ្វើកោសល្យច្ច័យ ទៅលើសាកសព បានបង្ហាញអោយឃើញថា ជនរងគ្រោះ ត្រូវបានជនដៃដល់សម្លាប់ ដើម្បីបំបិទមាត់ បន្ទាប់ពី ជនដៃដល់ បានចាប់រំលោភសេពសន្ថវៈ នាង បានសម្រេច ហើយ យកសាកសព របស់នាង បោះចោល ទៅក្នុងទឹកអូរ រួចគេចខ្លួន។
បច្ចុប្បន្ននេះ សាកសពរបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូន ក្រុមគ្រួសាររបស់ នាង ដើម្បី ដើម្បីបុណ្យតាមប្រពៃណីជាតិ។
ឥឡូវនេះ ជនសង្ស័យទាំង ៣នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅឯ ស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ ដើម្បីរៀបចំ ឯកសារ បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បី ចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ លីហ្សា