នយោបាយ

លោក សុខ ឥសាន ៖ លោក សៀម ភ្លុក គេចខ្លួន គឺបញ្ជាក់ពីអំពើទុច្ចរឹតរបស់ខ្លួន (Video)

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការ គេចខ្លួន របស់លោក សៀម ភ្លុក ដែលជាស្ថាបនិក គណបក្សបេះដូងជាតិកម្ពុជាថា ជាអំពើទុច្ចរឹតរបស់ខ្លួន បានធ្វើពិតប្រាកដមែនហើយ ។ បច្ចុប្បន្នលោក សៀម ភ្លុក កំពុងរត់គេចចេញពីសំណាញ់ច្បាប់ ក្រោយមានការបន្លំស្នាមមេដៃបង្កើត គណបក្សបេះដូងជាតិកម្ពុជា ។

លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃ១៩ មេសា បានលើកឡើងថា “លឺថា លោកសៀម ភ្លុក គេចខ្លួន បើពិតជាមាស សុទ្ធចាំបាច់គេចខ្លួនធ្វើអី ។ ការគេចខ្លួនរបស់លោកសៀម ភ្លុក បញ្ជាក់អំពើទុច្ចរិតមាន ចំពោះលោកសៀម ភ្លុក” ។

ជាមួយគ្នានេះដែរ លោកថា រឿងលោក សៀម ភ្លុក គឺជារឿងផ្ទាល់ខ្លួនរបស់លោក មិនពាក់ព័ន្ធដល់ជនដទៃទេ ។

លោកបន្តថា បើខ្លួនអះអាងថា មិនបានបន្លំស្នាមមេដៃ ហេតុអ្វីចាំបាច់រត់គេចខ្លួនធ្វើអ្វី?។

លោក សៀម ភ្លុក ត្រូវបានជាប់ចោទពីបទក្លែងបន្លំស្នាមមេដៃ បង្កើតគណបក្សបេះដូងជាតិ ។ កាលពីប្រមាណជាមួយឆ្នាំមុន លោក សៀម ភ្លុកនិងអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិប៉ុន្មានរូបទៀត បាននាំគ្នាបង្កើតគណបក្សបេះដូងជាតិកម្ពុជា ហើយលោក សៀម ភ្លុក ក្នុងនាមជាស្ថាបនិក ចេញមុខបានដាក់លិខិតមួយច្បាប់ ទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សបេះដូងជាតិកម្ពុជា ប៉ុន្តែត្រូវបានក្រសួងរកឃើញថា មានការបន្លំស្នាមមេដៃជាច្រើនពាន់ស្នាមមេដៃ ។
ក្រោយរកឃើញមានការបន្លំ ស្នាមមេដៃហើយ តុលាការបានចេញដីការឲ្យលោក សៀម ភ្លុក ចូលខ្លួនបំភ្លឺកាលពីថ្ងៃ២២ មីនា ប៉ុន្តែលោកមិនបានចូលខ្លួន តាមដីការឡើយ ទើបនៅថ្ងៃ៤ មេសា លោក លិ សុខា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ឲ្យនាំខ្លួន មកកាន់តុលាការឲ្យ បានត្រឹមថ្ងៃ២៥ មេសា ខាងមុខ។ បន្ទាប់ពីបានឃើញដីការ របស់តុលាការហើយ លោក សៀម ភ្លុក ក៏បានរត់គេចខ្លួនទៅរកកន្លែងមានសុវត្ថិភាព ៕

To Top