ភ្នំពេញ៖ អំណោយសម្រាប់ប្រយុទ្ធប្រឆាំង ទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ ជាច្រើនមុខ ត្រូវបានអង្គការទស្សនៈពិភពលោក World Vision យកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីចូលរួមចំណែក ឧបត្ថម្ភគាំទ្រដល់យុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់និងទទួលសម្ភារៈខាងលើនេះ ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី១៩ មេសាឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ និងលោកកែ ពន្លក នាយករងរដ្ឋបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក សេង វណ្ណៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោអង្គការទស្សនៈពិភពលោក World Vision ដែលបានឧបត្ថម្ភ៖
-អាល់កុលអនាម័យចំនួន៥០០លីត្រ
-ម៉ាស់បីស្រទាប់ចំនួន ២៥,០០០ម៉ស់ (៥០០ប្រអប់)
-បំពង់ដបសម្រាប់ដាក់អាល់កុលចំនួន១០០ដប
-ឧបករណ៍ Rapid Test kitsចំនួន២៥០ដើម ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)។

លោកនាយកថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាលមេរោគកូវីដ ១៩ (Covid-I9) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

