ព័ត៌មានជាតិ

ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ មានបំណងប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌល ផលិតគ្រឿងអេឡិចត្រូនិក (Video)

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ផែនទីបង្ហាញ ផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគ លើវិស័យអេឡិចត្រូនិក មានគោលបំណងប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក ដើម្បីបម្រើទីផ្សារ នាំចេញក្នុងតំបន់ និងពិភពលោក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី១៩ មេសា នេះ បានឲ្យដឹងថា ឯកសារចំនួន២ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ជាពិសេសគំនិតផ្តួតផ្ដើម សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអឡិចត្រូនិក រួមមាន៖

ទី១-ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត មានគោលបំណងអភិវឌ្ឍ និងផ្សារភ្ជាប់វិស័យយានយន្តនៃប្រទេសកម្ពុជា ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកល និងជាពិសេសប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងផ្គុំយានយន្ត (Components Manufacturing Hub) ព្រមទាំងជំរុញការផលិតគ្រឿងផ្គុំយានយន្ត ដែលមានលក្ខណៈស្មុគស្មាញ និងតម្លៃបន្ថែមខ្ពស់ជាងមុន។

និងទី២-ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និង ទាក់ទាញវិនិយោគលើវិស័យអេឡិចត្រូនិក មានគោលបំណង ប្រែក្លាយប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិត គ្រឿងអេឡិចត្រូនិក ដែលមានសមាហរណកម្មខ្ពស់ (Integrated Electronics Production Hub) ដែលផលិតគ្រឿងបន្លាស់អេឡិចត្រូនិកជាច្រើនប្រភេទ, ផលិតគ្រឿងបង្គុំពាក់ កណ្ដាលសម្រេច (Sub-assembled Products) និងផលិត ផលសម្រេច (Fully Assembled Products) ដើម្បីបម្រើទីផ្សារ នាំចេញក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ មេសា នេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគ លើវិស័យយានយន្ត និងអេឡិចត្រូនិក» តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)៕

To Top