ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ពីវិធីសាស្រ្ត ដោះស្រាយបំណុល ជប៉ុន ដែលបន្សល់ទុកពី លន់ ណល់ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលជាជំនួយរបស់ជប៉ុន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានបកស្រាយ អំពីវិធីសាស្រ្តនៃការដោះបំណុលជប៉ុនដែលរបបលន់ ណល់បន្សល់ទុក តាមរយៈនៃការយក សម្ភារៈ ទំនិញ របស់ជប៉ុន មកលក់នៅកម្ពុជា ។

ជាមួយគ្នានេះ សម្ដេចតេជោក៏បានរំលឹកអំពីបំណុលដែលកម្ពុជាជំពាក់ សហរដ្ឋអាមេរិកនិងរុស្ស៊ី ដែលបណ្ដាលឲ្យមូលនិធិរូបិយ៍វត្ថុអន្តរជាតិ (IMF) លែងឲ្យកម្ពុជាខ្ចីលុយ ដើម្បីកសាងប្រទេសផងដែរ។

ថ្លែងចេញពីវេទិកាខាងលើនេះ សម្ដេចតេជោមានប្រសាសន៍ថា «រឿងជំពាក់លុយជប៉ុន! ធ្វើម៉េចសងជប៉ុនបាន ព្រោះពីអតីតកាលនោះ កម្ពុជា រដ្ឋាភិបាលមុនៗ ជាពិសេសរដ្ឋាភិបាល លន់ ណល់ បានទៅខ្ចីលុយជប៉ុន ហើយអត់ សងគេ ព្រោះលន់ ណល់ អ្នកខ្ចី ពេលដល់ ប៉ុល ពត វាយឈ្នះកាន់កាប់ ប៉ុល ពត មិនខ្ចីសង ។ ចឹងមរតក នឹងមកដល់ជាបន្តបន្ទាប់ សម័យរដ្ឋកម្ពុជា ក៏អត់បានសង រហូតលុយការប្រាក់ ក្លាយទៅជាដើម ហើយដើមក្លាយទៅជាការ ថែមទាំងប្រាក់ពិន័យទៀត»។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានលើកឡើងថា ជាទម្លាប់ធម្មតានៃកិច្ចការនៅលើពិភពលោក ត្រូវតែសង រួចហើយទើបគេឲ្យខ្ចីទៀត ដូច្នេះកម្ពុជាបានសងបំណុលជប៉ុនរួច នៅក្នុងចន្លោះឆ្នាំ២០០០ឬ២០០១ បានជាក្រោយមក កម្ពុជាចាប់ផ្ដើមខ្ចីលុយយកមកប្រើប្រាស់កសាងនិងអភិវឌ្ឍន៍ កំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុ ។

សម្ដេចថា យកលុយជប៉ុន ដោះបំណុលជប៉ុន បើមិនដោះបំណុលជប៉ុនឲ្យបានទេ ជប៉ុនអត់ឲ្យខ្ចីលុយទៀត។ សម្ដេចតេជោបញ្ជាក់ថា «សងលុយជប៉ុន ដោយវិធីជប៉ុនផ្ដល់ជំនួយជាសម្ភារៈ (ប្រេងសាំង ប្រេងកាត ស័ង្កសី…) យកមកឲ្យកម្ពុជាលក់។ លក់បានលុយហើយដាក់ចូលទៅក្នុងគណនីមួយ ដែលជាថវិការបស់ជប៉ុន ។ ជប៉ុនមិនយកប្រាក់នឹងទៅប្រទេសជប៉ុនវិញនោះទេ មានន័យថា កត់ត្រារបស់ដែលលក់បានទៅក្នុងគណនីមួយ ដែលសងបំណុលជប៉ុន ប៉ុន្តែមិនបានយកទៅប្រទេសជប៉ុននោះទេ តែបង្វែរមកឲ្យកម្ពុជាកសាងប្រទេស។ ចឹងយកលុយជប៉ុន សងជប៉ុន ហើយលុយដែលសងនោះយកមកកសាងកម្ពុជាទៀត ចឹងបានដល់ទៅបី»។

សម្ដេចតេជោបន្តរំលឹកទៀតថា កម្ពុជាធ្លាប់ស្នើទៅជប៉ុនលុបចោលបំណុល ក៏ប៉ុន្តែជប៉ុនមិនអាចធ្វើទៅបាននោះទេ ព្រោះបើធ្វើអីចឹងបាន រាលដាលដល់ប្រទេសដទៃទៀត ឃើញកម្ពុជា សុំលុបបំណុលចោលបាន ចឹងប្រទេសដទៃចេះតែសុំលុបដែរ ។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា «ចឹងជប៉ុនរកវិធីមួយដ៏ឈ្លាសវៃ គឺឲ្យសម្ភារៈកម្ពុជា ជាអ្នកលក់ ដល់កម្ពុជាលក់បានហើយលុយនឹងចូលទៅក្នុងកុងមួយ ដែលចាត់ទុកថាសងប្រាក់ជប៉ុន ឯជប៉ុនយកប្រាក់ដែលកម្ពុជាសង ដែលបានមកពីការលក់ទំនិញរបស់ជប៉ុននេះ យកមកកសាងកម្ពុជាបន្ត»។

ពាក់ព័ន្ធជាមួយនឹងបំណុលរបស់សហរដ្ឋអាមេរិកនិងរុស្ស៊ី សម្ដេចតេជោគូសបញ្ជាក់ថា «កាលណាដែលយើងសងគេមិនទាន់រួច ដូចជាបំណុលរបស់យើងជាមួយអាមេរិក និងរុស្ស៊ី អត់ទាន់រួច ដល់ចឹង មូលនិធិរូបិយ៍វត្ថុអន្តរជាតិ IMF លែងឲ្យខ្ចីទៅទៀត ដោយសារតែប្រទេសទាំងពីរ (អាមេរិកនិងរុស្ស៊ី) តម្រូវឲ្យយើងសងលុយគេសិន បាន IMF ឲ្យខ្ចីលុយ»៕

To Top