កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សមិទ្ធផលនានា នៅក្នុងក្រុងកំពង់ចាម និងនៅស្រុកស្ទឹងត្រង់ គ្រោងនឹងដាក់ សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមលក្ខណ ក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅអាគាររដ្ឋបាល នៃពុទ្ធិកសកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ។
លោកអភិបាលខេត្ត ឲ្យដឹងទៀតថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសមិទ្ធផលនានា នៃពុទ្ធិកសកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងបរិវេណវត្តសុទស្សនារាជ្រោយថ្ម នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម ។
ដោយឡែក នៅថ្ងៃទី១២ ខែឧសភា និងនៅថ្ងៃទី២០ ខែឧសភា ខាងមុខដែរ ខេត្តកំពង់ចាម ក៏គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផល ផ្លូវ ស្ថិតនៅក្នុងក្រុងកំពង់ចាម និងនៅស្រុកស្ទឹងត្រង់ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ ។
ដូច្នេះ ដើម្បីសម្រួលកិច្ចការនេះ ឲ្យបានល្អប្រសើរ សូមឲ្យអ្នក ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ ទៅលើកិច្ចការមួយចំនួន ទាក់ទងទៅនឹងការ បដិសណ្ឋារកិច្ចភ្ញៀវចូលរួម រាប់ទាំងមហាជន និងភ្ញៀវកិត្តិយស រួមជាមួយនឹងភារកិច្ចផ្សេងៗទៀត ជាពិសេស កិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងអ្នកចូលរួម ធ្វើយ៉ាងណា ឱ្យកម្មវិធីទាំងអស់ខាងលើនេះ សម្រេចលទ្ធផលជោគជ័យ តាមកម្មវិធី ដែលបានគ្រោងទុក ។
គូរបញ្ជាក់ដែលថា នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យផ្លូវ DBST និងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន ស្ថិតនៅសង្កាត់ សំបួរមាស ក្រុងកំពង់ចាម រួមនឹងចុះពិនិត្យសមិទ្ធផលផ្លូវ នៅក្នុងស្រុកស្ទឹងត្រង់ ដើម្បីត្រៀមដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ ផងដែរ ៕