ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្ថយថ្ងៃធ្វើចត្តាឡីស័ក​ លេីអ្នកដំណេីរអន្ដរជាតិ​ ព្រោះកម្ពុជា ជាគោលដៅ ទេសចរណ៍សុវត្ថិភាព

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងភាពកក់ក្ដៅ ទើបរាជរដ្ឋាភិបាលកម្ពុជា កែសម្រួលនិងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក របស់អ្នកដំណើរអន្ដរជាតិ ចូលមកកម្ពុជា ដែលមិនទាន់ចាក់វ៉ាក់សាំង។ 

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងភាពកក់ក្ដៅ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលរយៈពេល នៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរអន្ដរជាតិ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ»។

ក្រសួងទេសចរណ៍ ក៏បានអំពាវនាវ ដល់សមាគមទេសចរណ៍ ផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយព័ត៌មានដ៏សំខាន់នេះ ដល់ដៃគូអន្ដរជាតិទាំងអស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរអន្ដរជាតិឲ្យមកទស្សនា «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយះ សុវត្ថិភាព និងភាពកក់ក្ដៅ» កាន់តែច្រើន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលលក្ខខណ្ឌ ធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយចូលមកកម្ពុជា ដោយបន្ថយថ្ងៃ ធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ៕

To Top