មន្ត្រីជំនាញពាក់ព័ន្ធ និងអ្នកតាមដានផ្នែកសង្គមនៅកម្ពុជា បានវាយតម្លៃថា ចំនួនភ្ញៀវទេសចរដើរកម្សាន្តច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រហូតដល់ជាង៥លាននាក់នេះបានបង្ហាញកាន់តែច្បាស់ ពីគុណតម្លៃ និងប្រសិទ្ធភាព នៃវ៉ាក់សាំងកូវីដ-១៩ និងកត្តាសន្តិសុខសន្តិភាពនៅកម្ពុជា។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត មានភ្ញៀវជាង៥លាន១៧ម៉ឺននាក់ បានដើរលេងកម្សាន្ត នៅទូទាំងប្រទេសកម្ពុជា។ ជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនដ៏ខ្ពស់ ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក។
ការជឿជាក់លើភាពស៊ាំសហគមន៍ តាមរយៈការទទួលបាន វ៉ាក់សាំងដូសពេញលេញ និង ដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ក្នុងការដើរកម្សាន្ត ពាសពេញផ្ទៃប្រទេស។ ក្នុងន័យនេះ តាមការស្ទង់មតិ និងសង្កេតជាក់ស្តែងពួកគាត់ពិតជាមានក្តីរីករាយ ដែលបានដើរកម្សាន្ត ក្នុងឱកាសចូលឆ្នាំនេះ ព្រោះខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់ លើប្រសិទ្ធភាពនៃវ៉ាក់សាំង។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកតាមដានផ្នែកសង្គមនៅកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ការសម្រេចចិត្តដើរកម្សាន្តរបស់ប្រជាពលរដ្ឋច្រើននេះ មានកត្តាសំខាន់ៗ មួយចំនួន រួមមាន ៖ កត្តាសន្តិភាព កត្តាជីវភាពប្រជាពលរដ្ឋរីកចម្រើន និងភាពស៊ាំក្នុងសហគមន៍ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងរក វ៉ាក់សាំងមកចាក់ជូនប្រជាជនស្ទើរតែគ្រប់គ្នា។
« យើងដឹងហើយថា តាំងពីមានកូវីដ១៩មក រាជរដ្ឋាភិបាលកម្ពុជារបស់យើងបានចាត់វិធានការគ្រប់បែបយ៉ាង ទាំងការព្យាបាល ការធ្វើចត្តាឡីស័ក ការខិតខំទិញវ៉ាក់សាំងចាក់ជូនប្រជាជន សំខាន់គឺ កត្តាដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី និងការចូលរួមពីភាគីពាក់ព័ន្ធ និងប្រជាជនចូលទប់ស្កាត់ទាំងអស់គ្នា ។ អ៊ីចឹងទេ ចូលឆ្នាំខ្មែរ៣ថ្ងៃកន្លងមកនេះ គឺបង្ហាញឱ្យឃើញថា កម្ពុជាអាចចាកចេញពីកូវីដ១៩យ៉ាងចាប់រហ័ស ហើយបន្តអនុវត្តប្រទេសជាតិយើង បន្តទៅទៀតបានមុនគេដែរ ។ ហើយទោះបីដំណាក់កាលនេះ សាំងនៅថ្លៃបន្តិចមែន តែពួកគាត់មានលទ្ធភាពចេញដើរកម្សាន្តក្រោយពីយើង ខានបានកម្សាន្ត២ឆ្នាំហើយ »។
ជាមួយគ្នានេះ លោកជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ផងដែរ ថា ការដែលប្រជាពលរដ្ឋចេញដើរលេងកម្សាន្តច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ក៏បានបង្ហាញកាន់តែច្បាស់ ពីគុណតម្លៃ នៃវ៉ាក់សាំងកូវីដ-១៩ ព្រោះក្នុងបរិបទនេះ មានតែវ៉ាក់សាំងទេ ដែលទប់ទល់ ជាមួយមេរោគនេះបាន។
«កត្តាវ៉ាក់សាំងនេះ គឺសំខាន់ណាស់ តាមពិតមេរោគបំប្លែងខ្លួន ចុងក្រោយអូមីក្រុងនេះ សម្រាប់កម្ពុជារបស់យើង ដូចជាមិនមានហានិភ័យខ្ពស់ទេ ខណៈពិភពលោកមានហានិភ័យណាស់អូមីក្រុងនេះ ។ ប៉ុន្តែកត្តាវ៉ាក់សាំងនេះឯង ដែលសម្តេចតេជោ ថា យើងចាក់ស្រោចវ៉ាក់សាំង ។ ក្នុងសមរភូមិកូវីដ១៩នេះ មានតែវ៉ាក់សាំងនេះឯង ដែលយើងដឹងហើយថា វ៉ាក់សាំងជាទំនិញយុទ្ធសាស្ត្រ ក្នុងនោះសម្តេចតេជោ បានយកវ៉ាក់សាំងចិន ជាវ៉ាក់សាំងយុទ្ធសាស្ត្រ តាមរយៈការទិញផង និងជំនួយផង»។
លោកស្រិី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបាន ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន តាមទូរសព្ទកាលពីព្រឹកថ្ងៃទី១៨ មេសា ២០២២ថា ដោយសារតែការទុកចិត្ត និងជឿជាក់ ទើបប្រជាពលរដ្ឋបានលេងកម្សាន្ត យ៉ាងច្រើនកុះករបែបនេះ ដែលជាការល្អប្រសើរមួយ។ យ៉ាងណាក៏ដោយ លោកស្រី សូមអំពាវនាវដល់ប្រជាពលរដ្ឋ តាមដានសុខភាពរបស់សមាជិក ក្រុមគ្រួសាររបស់ខ្លួន នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរថាតើ ពួកគាត់មានអាការៈមិនស្រួលខ្លួន ឬ មានការឆ្លងជំងឺកូវីដ១៩ ដែរឬទេ ហើយបើសង្ស័យ ចាំបាច់ត្រូវតែធ្វើតែស្ត នៅដាច់ដោយឡែក ដើម្បីកុំឱ្យមានការចម្លងបន្តគ្នា ហើយរាយការណ៍ទៅកាន់អាជ្ញាធរ ក្រុមគ្រូពេទ្យ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៉ុន្មានថ្ងៃមកនេះ លោកស្រី យល់ឃើញថា អាចមានការឆ្លងមួយចំនួន តែអាចតិចតួច ប៉ុន្តែ ក្រសួងនឹងបន្តតាមដាន និងផ្សព្វផ្សាយរបាយការណ៍ពីការឆ្លងថ្មីៗ ជូនដល់សាធារណជន។
លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាជន បន្តទទួលយកការចាក់វ៉ាក់សាំង ជាពិសេស ដូសជំរុញដើម្បីភាពស៊ាំសហគមន៍ កាន់តែល្អប្រសើរ ដោយលោកជំទាវបានសង្កត់ធ្ងន់ថា ប្រសិទ្ធភាពអង់ទីគ័រ នៃវ៉ាក់សាំងដែលបានចាក់រួច មិនអាចមានរហូតទេ យ៉ាងយូរត្រឹម ពី៦ទៅ៨ ខែ គឺនឹងបាត់បង់អង់ទីគ័រហើយ ដូច្នេះ សូមបន្តការចាក់វ៉ាក់សាំងដូស ជំរុញឱ្យបានគ្រប់ៗគ្នា ហើយមេរោគនេះមិនទៅណាទេ គឺនៅតែមានក្នុងសហគមន៍យើង ខណៈមេរោគចេះតែបំប្លែងថ្មីៗទៀត។
លោកស្រី បានបញ្ជាក់ថា វ៉ាក់សាំងមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ដែលនេះគឺជាការគិតគូរ ទាន់ពេលវេលារបស់សម្តេចតេជោ ហ៊ុន សែននាយកសរដ្ឋមន្ត្រី ក្នុងការស្វែងរកវ៉ាក់សាំង ពីមិត្តចិនតាំងពីដំបូង និងតាមរយៈប្រភពផ្សេងៗទៀត សម្រាប់ចាក់ជូនប្រជាពលដ្ឋ រហូតដល់មានភាពស៊ាំក្នុងសហគមន៍ ៖
«ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ នាយកដ្ឋមន្ត្រីដោយសម្តេច លោកមានភាពឆ្លៀសវៃ ការគិតគូររបស់លោក ហ្នឹងតែងតែបោះជំហ៊ានទៅមុន ពោលគឺបានដើរទៅមុខ ពីរបីជំហានទៅមុនជានិច្ច គាត់គិតវែងឆ្ងាយណាស់ ។ ហើយការសម្រេចចិត្តយកវ៉ាក់សាំងចិន ជាវ៉ាក់សាំងយុទ្ធសាស្រ្តនេះ គឺជាការស្រោចស្រពនូវវ៉ាក់សាំងតាំងពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២១មកនេះ គឺយើងបានប្រើប្រាស់វ៉ាក់សាំងជំនួយរបស់ចិន ។ ក្រៅពីនោះដែរ យើងក៏បានប្រើវ៉ាក់សាំង ដែលផ្តល់ដោយមជ្ឈមណ្ឌល់កូវាក់។ មានន័យថា យើងស្រោចទៅវាទាន់សភាពការណ៍ និងទាន់ពេលវេលា ។ វ៉ាក់សាំងនេះបានជួយសង្គ្រោះ អាយុជីវិតបងប្អូន ប្រជាពលរដ្ឋបានរាប់លាននាក់ ពីការវាយឡុកដោយជំងឺកូវីដ១៩ »។
សរុបសេចក្តីមក ក្នុងបរិបទកូវីដ១៩នេះ មានតែវ៉ាក់សាំងកូវីដ-១៩ទេ ដែលអាចបន្ថយការស្លាប់ និងឈឺធ្ងន់ធ្ងរពេលឆ្លងជំងឺកូវីដ-១៩។ មួយវិញទៀត ប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ១៩នេះដែរ ធ្វើឱ្យកម្ពុជា អាចបើកដំណើរការប្រទេសជាតិ លើគ្រប់វិស័យឡើងវិញ រួមទាំងពិធីបុណ្យចូលឆ្នាំខ្មែរ កន្លងទៅនេះផងដែរ ។ ចំនួនភ្ញៀវទេសចរជាង៥លាននាក់ដើរកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ពិតជាបង្ហាញឱ្យឃើញកាន់តែច្បាស់ពីគុណតម្លៃ វ៉ាក់សាំងការពារកូវីដ-១៩ ដែលយើងទាំងអស់គ្នាត្រូវតែចាក់ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តមានភាពស៊ាំក្នុងសហគមន៍៕