ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលស្ថិតនៅជាប់មាត់សមុទ្រ នៃទឹកដីខេត្តកោះកុង បានចាប់ផ្តើមការហោះហើរសាកល្បង (សុពលភាពជើងហោះហើរ) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
បើយោងតាមក្រុមហ៊ុនអាកាសចរណ៍តារាសាគរ បាននិយាយថា នេះជាការហោះហើរសាកល្បង ដើម្បីបញ្ជាក់ពីសុវត្ថិភាពនៃផ្លូវរត់ មុនពេលបើកការហោះហើរជាផ្លូវការ។
យោងតាមផែនការ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន Union Development Group គ្រោងនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២១ ហើយត្រូវបានពន្យារពេល រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ រួមជាមួយនឹងបញ្ហាអាកាសធាតុ។ ថ្មីៗនេះវាត្រូវបានពន្យារពេលរហូតដល់ពាក់កណ្តាលឆ្នាំ២០២២។ ហើយ ជា ចុង ក្រោយ ក្រុមហ៊ុន បាន ចាប់ ផ្តើម ការ ហោះហើរ សាកល្បង ហើយ។
អាកាសយានដ្ឋានតារាសាគរ គឺជាដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍លើផ្ទៃដីទំហំ ២១៨ ហិកតា និងមានដីបំរុងចំនួន ១,០០០ ហិកតាសម្រាប់ការអភិវឌ្ឍន៍ ជាមួយនឹងថវិកាប្រមាណ ២០០ លានដុល្លារ។
យោងតាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម អាកាសយានដ្ឋានត្រូវបានគេរំពឹងថានឹងទទួលអ្នកដំណើរចំនួន៧ លាននាក់ និងទំនិញចំនួន ១០,០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០ ហើយបន្តបង្កើនអ្នកដំណើរចំនួន ២០ លាននាក់ និងទំនិញចំនួន ៦០,០០០ តោនក្នុងមួយឆ្នាំ។ ពីឆ្នាំ ២០៣០-២០៥០ ។
អាកាសយានដ្ឋានដែលមានទីតាំងនៅស្រុកគិរីសាគរ និងស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង មានប្រភេទ 4E និង 4F ដែលមានសមត្ថភាពចុះចតយន្តហោះធំៗ ដូចជាយន្តហោះ Airbus A-350-900 និង Boeing B777 ជាដើម៕