ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ កត្តាសុខសន្តិភាព ទើបធ្វើឲ្យមានការអភិវឌ្ឍទន្ទឹមគ្នា ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

កំពង់ចាម ៖ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តឥន្ទកោសី ហៅវត្តកោះជ្រូក ស្ថិតក្នុងភូមិទី១៣ ឃុំកោះសំរោង ស្រុកកំពង់សៀម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យមានការរីកចម្រើនទន្ទឹមគ្នា ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ នឹងធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ។ ជាក់ស្ដែងនៅក្នុងថ្ងៃនេះ សមិទ្ធផលដែលសាងសង់រួច ក្នុងទីអារាមឥន្ទកោសី ហៅវត្តកោះជ្រូក ដែលមានតម្លៃប្រមាណជា ៥៣ ម៉ឺនដុល្លារអាមេរិច ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សមិទ្ធផលខាងលើនោះ គឺផ្ដើមចេញដោយកត្តាប្រទេសជាតិមានសុខសន្តិភាព ធ្វើឱ្យប្រជាពលរដ្ឋយើងមានឱកាសគ្រប់គ្រាន់ ក្នុងការរកទទួលទានមានបាន មានជីវភាពធូរធារ ទើបធ្វើឱ្យមានថវិកាដើម្បីចូលរួមជាបច្ច័យ ដោយសទ្ធាជ្រះថ្លា យកមកកសាងសមិទ្ធផលទាំងឡាយដូចជាការចាក់ដីក្នុងទីធ្លាវត្ត , ជួសជុលព្រះវិហារ, កសាងឈាបនដ្ឋាន , កសាងដងទង់ និងឧប្បដ្ឋានសាលា ។ល។ដែលមានតម្លៃរហូតដល់ទៅជាង ៥០ម៉ឺនដុល្លារអាមេរិកដូចពេលនេះ ។

ដូច្នេះកត្តាសុខសន្តិភាពនេះ សូមបងប្អូនប្រជាពលរដ្ឋជួយថែរក្សាទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិយើង កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ សម្បូរ សប្បាយរុងរឿងបន្តទៅទៀត៕

To Top