ព័ត៌មានជាតិ

កម្ពុជា ចាត់ទុកទឹកជា មាស ស ដែលជាកម្លាំងចលករ ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ចាត់ទុកទឹកជា «មាស ស» ដែលជាកម្លាំងចលករ ជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។

ក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ក្រោមមូលបទ «ធនធានទឹក សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្ដវេនជំនាន់ក្រោយ» នាថ្ងៃ២៣ ខែមេសា ឆ្នាំ២០២២ នៅប្រទេសជប៉ុន សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ជាការពិត ទឹកគឺជាធនធាន ដ៏មានសារសំខាន់ សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកប ដោយគុណភាព ប៉ុន្តែធនធាននេះ ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក, ការប្រែប្រួលអាកាសធាតុ, គ្រោះទឹកជំនន់ និងភាពរាំងស្ងួត, ការកើនឡើងនូវចំនួន ប្រជាជន និងការបន្តរីកចំរើនយ៉ាងឆាប់រហ័ស ដែលបាន និងកំពុងបន្តដាក់ សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ី ដែលទ្រទ្រង់ប្រភពទឹកផងដែរ។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «កម្ពុជា ចាត់ទុកទឹកថា មាស ស ដែលជាកម្លាំងចលករ ជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយ ចីរភាព និងបរិយាបន្ន ។ រាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារ សំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រង ធនធានទឹកឲ្យកាន់តែប្រសើរ ធានាបាននូវសន្តិសុខទឹក ក្នុងក្របខណ្ឌទូទាំងប្រទេស»។

សម្ដេចតេជោ បន្ថែមថា កម្ពុជានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បី ការអភិវឌ្ឍប្រកបដោយចីរភាព»។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា អភិក្រមនៃការគ្រប់គ្រងធនធានទឹកនាពេលបច្ចុប្បន្ន នឹងកំណត់នូវគុណភាពនៃ ជីវិតរស់នៅ និងកូនចៅ នា ពេលអនាគត ក្នុងន័យនេះ ធនធានទឹកបានក្លាយជារបៀបវារៈមួយសំខាន់ ដែលតម្រូវឲ្យខិតខំប្រឹងប្រែងរួមគ្នា គ្រប់គ្រងឲ្យបាន ប្រកបដោយ ចីរភាព សម្រាប់បច្ចុប្បន្ន និងទៅអនាគត តាមរយៈ៖ ទី១-ការបន្តជំរុញការអភិវឌ្ឍ និងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការ គ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក ,ទី២-ការបន្តជំរុញការអភិវឌ្ឍ សកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រ ដល់ការអភិវឌ្ឍបៃតង ជាពិសេស សម្រាប់វិស័យកសិកម្ម ដែលជាវិស័យ ប្រើប្រាស់ទឹកច្រើន ,ទី៣-ការជំរុញ និងលើកកម្ពស់កិច្ច សហប្រតិបត្តិការ លើផ្នែកឌីជីថល ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការ ប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល និងទី៤-ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្តួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ ចីរភាព សង្គមក្នុងការ ប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឲ្យបានថា ប្រជាជនសកលលោកគ្រប់រូប ទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ៕

To Top