ព័ត៌មានជាតិ

សម្តេចតេជោ ៖ ជម្លោះអ៊ុយក្រែន-រុស្ស៊ី អាចជះឥទ្ធិពលអវិជ្ជមាន ដល់ការវិនិយោគ និងខ្សែសង្វាក់ផលិតកម្មតំបន់ និងសកល

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ជម្លោះរវាង អ៊ុយក្រែន និងរុស្ស៊ី អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងខ្សែសង្វាក់ផលិតកម្មតំបន់ និងសកល។

ក្រោយពីប្រទេសរុស្ស៉ី បានបើកការវាយទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះ ជម្លោះរវាងប្រទេសទាំង២ នៅតែអូសបន្លាយមកដល់សព្វថ្ងៃនេះ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសមួយចំនួនក្នុងសកលលោកផងដែរ ។

ក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវីដ-១៩ ជាង ១លានដូស ជាអំណោយរបស់រដ្ឋាភិបាលអ៊ីតាលី នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា «រាជរដ្ឋាភិបាល ក៏បាននិងកំពុងតាមដានការវិវត្តនៃជំម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីដែលបាន និងកំពុងបង្កើតជាបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាកង្វះថាមពល, ការកើនឡើងខ្ពស់នៃតម្លៃប្រេងឆៅ និងកំណើននៃអត្រាអតិផរណា ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងខ្សែសង្វាក់ផលិតកម្មតំបន់ និងសកល»។

ផ្ទាំងពាណិជ្ជកម្ម

បន្ថែមលើនេះ សម្ដេចតេជោ បានបន្ដថា រាជរដ្ឋាភិបាល ក៏មិនបំភ្លេច និងបានកំពុងគិតគូរដោះស្រាយបញ្ហាចម្បងផ្សេងទៀត ដូចជា បញ្ហាប្រែប្រួលអាកាសធាតុ បរិស្ថាន គាំពារសង្គម និងភាពក្រីក្រ ជាដើម ។

ជាងនេះទៅទៀត សម្ដេចតេជោលើកឡើងថា ជាមួយភាពបុរេ និងចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាល មិនដែលបានបន្ថយល្បឿននៃការងារកែទម្រង់របស់ខ្លួននោះឡើយ ។ ជាក់ស្ដែង រាជរដ្ឋាភិបាល បានសម្រេចដាក់ឲ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដោយមានដាក់ចេញវិធានការកែទម្រង់មុតស្រួច សំដៅ ស្ដារ និងជំរុញកំណើន បង្កើតភាពធន់សង្គម-សេដ្ឋកិច្ចកម្ពុជា និងឈានទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ។

សម្ដេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនេះយ៉ាងយកចិត្តទុកដាក់ដែលជាលទ្ធផលសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាង ៥% នៅក្នុងឆ្នាំ២០២២ និងអាចត្រឡប់ទៅស្ថិតនៅលើមាគ៌ានៃកំណើន ប្រកបដោយភាពរឹងមាំ នៃយុគសម័យមុនវិបត្តិន ជំងឺកូវីដ-១៩៕

To Top