ព័ត៌មានជាតិ

មន្រ្តី​ជំនាញរំលឹក អ្នកចិញ្ចឹមក្រពើ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖ រដ្ឋបាលជលផល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំ ដោយប្រាប់ដល់អ្នកចិញ្ចឹមសត្វក្រពើទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរៀបចំ និងសុវត្ថិភាព ក្នុងកសិដ្ឋាន ឬកន្លែងចិញ្ចឹមក្រពើ ។

ការចេញមកក្រើនរំលឹក ពីសំណាក់រដ្ឋបាលជលផល បន្ទាប់ពីកាលពីពេលថ្មីៗនេះមានបុរសមា្នក់ ត្រូវបានសត្វក្រពើចិញ្ចឹមខាំ បណ្ដាលឱ្យស្លាប់ ។​

តាមរយៈសេចក្ដីណែនាំ របស់រដ្ឋបាលជលផល បានឱ្យដឹងថាកន្លងមក រដ្ឋបាលជលផលបានរៀបចំ និងផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីបច្ចេកទេស នៃការគ្រប់គ្រង ការចិញ្ចឹមនិងការអភិរក្សក្រពើ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពនៅតាមកសិដ្ឋាន ឬកន្លែងចិញ្ចឹមក្រពើនានា។

ទន្ទឹមនឹងនេះ រដ្ឋបាលជលផល សូមស្នើលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយខណ្ឌរដ្ឋបាលជលផល សហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ និងសមាគមអ្នកចិញ្ចឹមក្រពើ ជួយបន្តផ្សព្វផ្សាយ និងចុះ ណែនាំបន្ថែមដល់អាជីវករ និងវារីវប្បករចិញ្ចឹមក្រពើ ដូចខាងក្រោម៖

  • ត្រូវមានរបងហ៊ុមព័ទ្ធបរិវេណ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអាងចិញ្ចឹមឱ្យបានរឹងមាំ ត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាងចិញ្ចឹម តាមបទដ្ឋានបច្ចេកទេស ដោយយកចិត្តទុកដាក់ លើរបងព័ទ្ធជុំវិញ រវាង បែ ជណ្តើរ ទ្វារ ស្ពាន និងបង្កាន់ដៃឱ្យបានរឹងមាំ ដើម្បីធានាសុវត្ថិភាពខ្ពស់
  • ចាក់សោរទ្វារឱ្យបានត្រឹមត្រូវ ហាមឃាត់ក្មេងចូលលេង ក្នុងបរិវេណចិញ្ចឹមក្រពើ ឬប្រើប្រាស់ក្មេងផ្តល់ចំណី ឬលាងសំអាតអាង
  • ណែនាំឱ្យអ្នកចិញ្ចឹមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលផ្តល់ចំណី លាងសំអាតអាង ឬនៅពេលចាប់ក្រពើ
  • ត្រូវរៀបចំសោភណ្ឌភាព និងអនាម័យក្នុងបរិវេណកសិដ្ឋាន ឬកន្លែងចិញ្ចឹមក្រពើជាប្រចាំ ដោយគិតគួរអំពី ផលប៉ះពាល់បរិស្ថាន និងសុខមាលភាពសាធារណៈ ព្រមទាំងសម្រាប់បម្រើឱ្យទេសចរ
  • មន្ត្រីជលផលដែលមានសមត្ថកិច្ច ត្រូវចុះត្រួតពិនិត្យ និងវាយតម្លៃលើគុណភាព និងសុវត្ថិភាពអាង នៅតាមកសិដ្ឋាន ឬកន្លែងចិញ្ចឹមក្រពើដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
  • សមាគមអ្នកចិញ្ចឹមក្រពើ ត្រូវជួយណែនាំបន្ថែម និងធ្វើការប្រជុំជាទៀងទាត់ ដើម្បីផ្ដល់ឱកាសឱ្យអ្នកចិញ្ចឹម បានចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារសុវត្ថិភាព អនាម័យ និងទីផ្សារក្រពើ៕
To Top