ព័ត៌មានជាតិ

អាមេរិក សង្កេតឃើញថា ទីផ្សារកម្ពុជា រីកចម្រើន ទើបនាំក្រុមហ៊ុនអាមេរិក មកវិនិយោគ (Video)

ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្នទីផ្សារប្រទេសកម្ពុជា មានការរីកចម្រើនលូតលាស់ ទើបនាំក្រុមហ៊ុនធំៗរបស់អាមេរិក មកធ្វើការវិនិយោគ នៅកម្ពុជា ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី និងប្រេងឥន្ធនៈ កាល់តិចទី៥០ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក W. Patrick Murphy បានថ្លែងឲ្យដឹងថា កម្ពុជា គឺជាប្រទេសមានទីផ្សារល្អ ហើយអាមេរិកបាននាំមកនូវគុណភាពល្អ សេវាល្អ និងស្ដង់ដារផ្សេងៗទៀត ដែលក្រុមហ៊ុនអាមេរិក បាននាំចូលមកប្រទេសកម្ពុជា។ លោកថា ទាំងនេះជាគោលការណ៍ចំបង ធ្វើឲ្យមានកំណើនលូតលាស់ផ្នែកសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។

លោកបញ្ជាក់ថា «សហរដ្ឋអាមេរិក មានសហការីដែលជាអ្នកក្រុមប្រឹក្សាយើងមើលថា តើប្រទេសកម្ពុជាមានសក្ដានុពលកម្រិតណា? ហើយយើងមើលឃើញថា ទីផ្សារប្រទេសកម្ពុជា មានការរីកចម្រើន ។ ចឹងមានន័យថា សហរដ្ឋអាមេរិក កំពុងតែឃើញសក្ដានុពល ហើយបាននាំចូលក្រុមហ៊ុនជាច្រើន ដូចជា៖ ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនFord ដែលគាត់ហ្នឹងបើកការផលិតឡាន ផ្ទាល់នៅខេត្តពោធិ៍សាត់ និងក្រុមហ៊ុនផ្សេងៗ ។ ឥឡូវនេះ ទីផ្សារកំពុងតែរីកចម្រើនលូតលាស់ យើងនឹងមានការងារដែលកំពុងសិក្សាផងដែរ តើមានចំណុចខ្វះខាតត្រង់ណា? ដែលអាចនឹងបំពេញ»។

លើសពីនេះទៀត លោកឯកអគ្គរដ្ឋទូតអាមេរិក ក៏បានលើកឡើងថា អាមេរិកចង់បង្កើនការវិនិយោគនៅកម្ពុជា លុត្រាតែប្រជាជនកម្ពុជា គាំទ្រផលិតផលអាមេរិក ដូច្នេះជួយគ្នា ទៅវិញទៅមក ៕

To Top