ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ បានថ្លែងថា ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កំពុងពិចារណាលើតម្លៃ ធ្វើដំណើរតាមផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ ដោយក្នុង១ គីឡូម៉ែត្រ ក្រោម១០សេនដុល្លារ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ត្រូវចំណាយថវិកា សាងសង់ប្រមាណ ២,០០០លានដុល្លារ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ។
នាឱកាសដឹកនាំយុវជនក្រសួង និងសិស្សនិស្សិត នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ចុះទស្សនកិច្ចផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ (PK-១១) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា តាមបណ្ដាប្រទេសនានា លើពិភពលោកធ្វើតាមផ្លូវល្បឿនលឿន ១០សេន ឬ១២សេនដុល្លារ ក្នុង១គីឡូម៉ែត្រ ។
លោកបញ្ជាក់ថា «ប៉ុន្ដែចំពោះប្រទេសកម្ពុជាវិញ ខ្ញុំបានស្នើសុំឲ្យយកក្រោម ១០សេន ក្នុង១គីឡូម៉ែត្រ ។ ចឹងក្រុមហ៊ុនកំពុងពិចារណាលើតម្លៃជិះលើផ្លូវនេះ (ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ។ ខ្ញុំបានពិភាក្សាដែរថា គួរអនុញ្ញាតពេលគាត់បើកផ្លូវនេះ អនុញ្ញាតឲ្យប្រើប្រាស់មួយរយៈសិន ដើម្បីប្រជាពលរដ្ឋ លោកស្គាល់ពីការប្រើប្រាស់ ផ្លូវល្បឿនលឿន ហើយកុំយកថវិកាពីគាត់ ក្រុមហ៊ុនកំពុងតែពិចារណា»។

លោកបន្ថែមថា ក្រសួងកំពុងផលិតវិដេអូ ដើម្បីចាក់ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ អំពីការប្រើប្រាស់ល្បឿនលឿន ដូច្នេះប្រជាពលរដ្ឋត្រូវតែស្គាល់ និងយល់អំពីការប្រើប្រាស់ផ្លូវល្បឿនលឿន។ លោកថា ចំពោះ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នេះ ក្រសួងនឹងពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីអនុញ្ញាតឲ្យអ្នកបើកបរល្បឿន ១២០គីឡូម៉ែត្រ ក្នុង ១ម៉ោង ។
លោកទេសរដ្ឋមន្ដ្រីថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងចូលរួមចំណែកយ៉ាងសំខាន់ ចំពោះសេដ្ឋកិច្ចរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ព្រមទាំងនៅទូទាំងប្រទេសផងដែរ ៕
