ភ្នំពេញ ៖ ក្នុងវេទិកាស្វែងរកដៃគូវិនិយោគ (Business Matching) លើកទី២ រៀបចំឡើងដោយធនាគារអេស៊ីលីដា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានការចូលរួមពីពាណិជ្ជករកម្ពុជានិងជប៉ុនប្រមាណជា១០០នាក់ មកពីបណ្ដាក្រុមហ៊ុនចម្រុះវិស័យជាង៥០ បានគ្នាដើម្បីស្វែងរកដៃគូវិនិយោគនិងពិភាក្សាស្វែងយល់គ្នាទៅវិញទៅមក ធ្វើយ៉ាងណាមានឱកាសចាប់ដៃគូរកស៊ីលើវិស័យជាច្រើនរវាងពាណិជ្ជករទាំងពីរ ។
ការរៀបចំឲ្យមានវេទិកាស្វែងរកដៃគូវិនិយោគ (Business Matching) នេះឡើង ដើម្បីបង្កើនជំរុញឲ្យមានការវិនិយោគរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងថា មានក្រុមហ៊ុនជប៉ុន មកពីវិស័យផ្សេងៗគ្នាចំនួន២៤ចូលរួម ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន , ក្រុមហ៊ុនផ្នែកសុខាភិបាល , ក្រុមហ៊ុនផ្នែកខាងកសិកម្ម , ក្រុមហ៊ុនផ្នែកនាំចេញ-ចូលអន្តរជាតិ និងមានក្រុមហ៊ុនសេវាកម្មនិងផលិតកម្មផងដែរ ។ រីឯក្រុមហ៊ុនក្នុងស្រុកមាន២៩ក្រុមហ៊ុន ក្នុងនោះមានវិនិយោគិនមកពីវិស័យចម្រុះគ្នាផងដែរ ។
លោកបន្តថា បើខាងវិនិយោគិនជប៉ុន ចាប់អារម្មណ៍ខាងវិស័យកសិកម្ម កាត់ដេរសំលៀកបំពាក់ ផ្នែកសុខាភិបាល ដូចជាវិជ្ជាជីវៈពេទ្យ ឬផ្នែកនាំចេញ-ចូល ផ្នែកអភិវអឌ្ឍន៍លំនៅឋាន និងវិស័យប្រហាក់បហែលគ្នានៅកម្ពុជា ពាណិជ្ជករទាំងពីរអាចនឹងចាប់ដៃគូវិនិយោគជាមួយគ្នា។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី បង្ហាញការសប្បាយចិត្ត ចំពោះវិនិយោគិនទាំងពីរប្រទេសដែលមានការចាប់អារម្មណ៍រវាងគ្នាទៅវិញមក ហើយអាចសម្រេចចាប់ដៃធ្វើពាណិជ្ជកម្មជាមួយគ្នាបាន ។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបន្ថែមថា តាមធម្មតាសមាគមជប៉ុន-កម្ពុជា គឺជាអ្នកនាំវិនិយោគិនពីជប៉ុនមក ។ រីឯខាងកម្ពុជាវិញ គឺធនាគាអេស៊ីលីដា ជាអ្នកណែនាំវិនិយោគិនទូទៅទាំងអតិថិជនរបស់ធនាគាអេស៊ីលីដា ទាំងមិនមែនអតិថិជនដែលចាប់អារម្មណ៍ក្នុងការធ្វើដៃគូពាណិជ្ជកម្ម ជាមួយភាគីជប៉ុន បន្ទាប់ពីបានណែនាំហើយគឺពួគាត់មានភារកិច្ចអាចផ្លាស់ប្ដូរយោបល់ជាមួយគ្នាដោយផ្ទាល់ ។
លោកគូសបញ្ជាក់ថា “គោលដៅនៃការរៀបចំ Business Matching with JCA (JAPAN-Cambodia Association) នេះគឺជំរុញឲ្យមានការវិនិយោគរវាងប្រទេសទាំងពីរ ពីជប៉ុនមកកម្ពុជា ពីកម្ពុជាចាប់ដៃគូសហប្រតិ្តបត្តិការជាមួយជប៉ុន ដែលឱកាសនេះ គឺជាឱកាសមានសារៈសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលកម្ពុជាយើង បានគ្រប់គ្រងបានល្អ ជុំវិញការទប់ស្កាត់ចំពោះការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដែលកម្ពុជាជាប់លំដាប់ថ្នាក់លេខ២ក្នុងសាកលលោក។ ដូច្នេះហើយបានជាវិនិយោគិនជប៉ុនសម្រេចជ្រើសរើសយកវេលានេះ គឺខែមេសា ឆ្នាំ២០២២ ធ្វើមកដំណើរមកកម្ពុជាបានដើម្បីជួបពិភាក្សាពាណិជ្ជកម្ម ដែលពួកគាត់អាចធ្វើការរកស៊ីពាណិជ្ជកម្មជាមួយគ្នាបាន” ៕