ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចវឌ្ឍនភាពការងារបាន៩០,៩៥%ហើយ និងដាក់ឲ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ ។

ក្នុង ដំណើរទស្សនកិច្ចសិក្សា ស្វែង យល់ពី ការងារ សាងសង់ផ្លូវ ល្បឿន លឿនភ្នំពេញ-ព្រះសីហនុ របស់ក្រុមយុវជន ក្រសួង សាធារណការ និងដឹកជញ្ជូន និងនិស្សិត នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា “គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះសម្រេចវឌ្ឍនភាពការងារបាន៩០,៩៥%ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ដាក់ ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលវេលាសមស្រប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ផ្លូវនេះនឹងចូលរួមចំណែក ក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ មានការរីកចម្រើនលឿន ជាងធម្មតា ដោយសារការធ្វើដំណើរ ឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថា រាជរដ្ឋាភិបាល កំពុងសិក្សាធ្វើផែនការមេ ដើម្បីឱ្យខេត្តព្រះសីហនុ ក្លាយទៅជាតំបន់សេដ្ឋកិច្ច ពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះ នឹងចូលរួមបម្រើផែនការមេនេះ ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត ។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់ គឺស្ថិតក្នុងដំណាក់កាល នៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បង នៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ដែលផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
