កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា អមដំណើរដោយ ថ្នាក់ដឹកនាំខេត្ត និងប្រធានមន្ទីរ អង្គភាពជាច្រើននាក់ នៅរសៀល២៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចូលរួមរំលែកទុក្ខ និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ទឹម សុធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោៈរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។
តាមមន្ត្រីនគរបាល នៃអធិការដ្ឋានគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា លោក វរសេនីយ៍ត្រី ទឹម សុធា អាយុ ៥៤ ឆ្នាំ ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរកា នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ។
ប្រភពដដែលឲ្យដឹងទៀតថា កាលពីវេលាម៉ោង ០២:១៣នាទីយប់ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី ទឹម សុធា បានពលីក្នុងពេលកំពុងបំពេញបេសកកម្មការងារ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញភារកិច្ចការងារ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ។
ដូច្នេះក្នុងនាមថ្នាក់ដឹកនាំ រួមទាំងមន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានចូលរួមសម្ដែង នូវសមានទុក្ខដោយក្តីសោកស្ដាយ អាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យ ជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ត្រី ទឹម សុធា សូមឆាប់បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕