ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹក និងណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ជុំវិញរាជធានីភ្នំពេញ ត្រូវមានកិច្ចសហការ ឲ្យកាន់តែជិតស្និទបន្ថែមទៀត ជាមួយសាខាពន្ធដារ ដើម្បីឈានឆ្ពោះ ទៅដល់ការកើនឡើង ប្រាក់ចំណូលពន្ធដារ កាលណាចំណូលពន្ធដារខ្ពស់ នាំឲ្យការអភិវឌ្ឍន៍ក៏កាន់តែរីកចម្រើន។
ការណែនាំទៅដល់មន្ត្រីរបស់ខ្លួន ពីសំណាក់លោក ឃួង ស្រេង បានធ្វេីឡេីងក្នុងពិធីប្រកាសកែសម្រួលភារកិច្ច និងតែងតាំងថ្នាក់ដឹកនាំ សាខាពន្ធដារខណ្ឌចំនួន៦ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ បានណែនាំថា “ខ្ញុំក៏សូមផ្តាំផ្ញើ ដល់លោកលោកស្រីអភិបាលខណ្ឌទាំង១៤ ចំណុចនេះ ត្រូវយល់អោយច្បាស់ថា ការប្រមូលពន្ធ អង្គភាពពន្ធដារ ប្រមូលពន្ធយកមកអោយ អស់លោកលោកស្រី យកមកអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋ ចឹងទេការប្រមូលពន្ធ ប្រសិនបើមានបញ្ហាឆ្គាំឆ្គង ដោយប្រការណាមួយ ដោយមានការលើកឡើង ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានក្តី យ៉ាងមិចក្តី ត្រូវរួមគ្នាដោះស្រាយ មិនមែនការប្រមូលពន្ធនេះ គឺជាកត្តាដោយឡែករបស់ពន្ធដារទេ” ។
បន្ថែមពីនេះ លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា “អស់លោកលោកស្រី ជាគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ យល់អោយបានច្បាស់ថា ការប្រមូលពន្ធគឺដើម្បីទ្រទ្រង់ ការអភិវឌ្ឍន៍ជាតិរបស់យើង ជាពិសេសគឺចំណូលពន្ធ សម្រាប់រាជធានីភ្នំពេញ គឺប្រមូលដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ មិនមែនគាត់យកទៅចាយខ្លួនគាត់ទេ ដូច្នេះកិច្ចការទាំងឡាយទាំងពួងត្រូវតែ មានវិធីសាស្ត្រក្នុងការធ្វើការ មិនអាចហៅថា ពន្ធដារគៀបគេ គៀបប្រជាជនចេះចុះ លឺដល់ពួកប្រឆាំង ធ្វើឲ្យគេរិះគន់មកដល់រាជរដ្ឋាភិបាល” ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ទាំងអាជ្ញាធរ និងពន្ធដា គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ។ ក្នុងនាមជាភ្នាក់ងារ របស់រាជរដ្ឋាភិបាល នៅថ្នាក់ក្រោមជាតិ ត្រូវគិតគូរពិចារណារឿងនេះ។ ទាំងកិច្ចការរបស់អាជ្ញាធរ និងពន្ធដា សុទ្ធតែដើម្បីជម្រុញការដឹកនាំ របស់សម្តេចតេជោ ឲ្យមានប្រសិទ្ធិភាព មានតម្លាភាព ។
លោកអភិបាលរាជធានីភ្នំពេញថា “កន្លងមកយើងបានធ្វើល្អហើយ ក្នុងបរិបទប៉ុន្មាន ៤ទៅ៥ឆ្នាំចុងក្រោយនេះ យើងធ្វើការងារជាមួយគ្នា ដោយយល់ចិត្តគ្នា នៅពេលដែលកិច្ចការពន្ធដា យើងអាចហៅគ្នា មកពិគ្រោះយោបល់ ធ្វើកិច្ចការងារបន្ថែមទៀត ។ យើងជាអង្គភាពរដ្ឋតែមួយ រឿងអ្វីយើងមិនអាចនិយាយជាមួយគ្នាបាន ដោះស្រាយជាមួយគ្នាបាន ចឹងកិច្ចអស់នេះ ត្រូវធ្វើអោយបានល្អ ដើម្បីជាតិរបស់យើង ដោយអនុវត្តនូវតួរនាទីរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណា ឲ្យជាតិរបស់យើង ទទួលបានការអភិវឌ្ឍន៍ ដែលនៅឆ្នាំ២០៥០ កម្ពុជា ត្រូវសម្រេចគោលដៅ ជាប្រទេសអភិវឌ្ឍន៍ ប្រជាជនមានចំណូលខ្ពស់” ។
ចំណែកលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា កន្លងទៅពន្ធដារបានមើលឃើញ និងអរគុណ ដល់អាជ្ញាធរ ចំពោះកិច្ចសហការ ក្នុងការបង្ក្រាប នូវបទល្មើលពន្ធដាមួយចំនួន ដែលជាបទល្មើសជាប្រព័ន្ធ នាំឲ្យបាត់ចំណូលពន្ធរដ្ឋ រាប់សិបលានដុល្លារ ដែលយើងអនុវត្តទៅ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។
យ៉ាងណាមិច លោក គង់ វិបុល បានឲ្យដឹងថា ដោយមានកិច្ចសហការគ្នាល្អ រវាងពន្ធដារ និងអាជ្ញាធរមានសមត្ថកិច្ច នៅតាមមូលដ្ឋាន ទើបឈានដល់ការកើនឡើង នូវប្រាក់ចំណូលពន្ធដាកន្លងទៅនេះ ពោលកត្តាចូលរួមយ៉ាងឯកភាពគ្នា រវាងអាជ្ញាធរនៅមូលដ្ឋាន បាននាំឲ្យមានភាពងាយស្រួល និងប្រសិទ្ធិភាពការងារ ប្រមូលពន្ធដារល្អប្រសើរទៅៗ ។
ក្នុងនោះលោក គង់ វិបុល បានឲ្យដឹងថា “កន្លងទៅពន្ធដា បានមើលឃើញ និងអរគុណ ដល់អាជ្ញាធរ ចំពោះកិច្ចសហការ ក្នុងការបង្ក្រាប នូវបទល្មើលពន្ធដារមួយចំនួន ដែលជាបទល្មើសជាប្រព័ន្ធ នាំឲ្យបាត់ចំណូលពន្ធរដ្ឋ រាប់សិបលានដុល្លារ ដែលយើងអនុវត្តទៅ ប្រកបដោយប្រសិទ្ធិភាពខ្ពស់” ។
អគ្គនាយកពន្ធដារបានឲ្យដឹងដែរថា ដោយមានកិច្ចសហការគ្នាល្អ រវាងពន្ធដា និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន ទើបឈានដល់ការកើនឡើង នូវប្រាក់ចំណូលពន្ធដាកន្លងទៅនេះ ពោលកត្តាចូលរួមយ៉ាងឯកភាពគ្នា រវាងអាជ្ញាធរនៅមូលដ្ឋាន បាននាំឲ្យមានភាពងាយស្រួល និងប្រសិទ្ធិភាពការងារ ប្រមូលពន្ធដារល្អប្រសើរទៅៗ ៕