ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់អង្គការ IOM ថា អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ កម្ពុជា ធ្វេីកិច្ចការងារជាច្រើន ពាក់ព័ន្ធនឹងទេសន្តប្រវេសន៍ ពិសេសនៅពេលមានពលរដ្ឋវិលត្រឡប់មកតាមព្រំដែន កម្ពុជា-ថៃ។
ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី Nenette Motus នាយិការប្រចាំថ្នាក់តំបន់ របស់អង្គការ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម នាថ្ងៃទី២៦ មេសា សម្ដេច ស ខេង បានសង្ឃឹមថា លោកស្រីនឹងបន្តផ្ដល់កិច្ចសហការគាំទ្រដល់ការងារទេសន្តប្រវេសន៍ដែលជាកិច្ចការងារដ៏មានសារៈសំខាន់នេះ។
សម្ដេច បញ្ជា់ថា “នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានធ្វើកិច្ចការងារជាច្រើន ពាក់ព័ន្ធនឹងការងារទេសន្តប្រវេសន៍នេះ ពិសេសនៅពេលមានពលរដ្ឋវិលត្រឡប់មកតាមព្រំដែនកម្ពុជាថៃ ហើយដែលការនេះមានការចូលរួមចំណែកយ៉ាងសំខាន់ពីអង្គការ IOM”។
ជាការឆ្លើយតបលោកស្រី Nenette Motus បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើការងារដ៏មានសារៈសំខាន់នេះ និងទទួលយកការជួយគាំទ្រពីអង្គការ IOM លើការងារទេសន្តប្រវេសន៍ដោយ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះចាប់ពីឆ្នាំ១៩៩៣មក ដែលក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់កិច្ចសហការលើការងារនេះយ៉ាងល្អប្រសើរ។
លោកស្រី ក៏បានសម្ដែងការអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងជំងឺរាត្បាតកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងដែលទទួលបានលទ្ធផលប្រសើរល្អជាគេក្នុងតំបន់លើការងារប្រយុទ្ធប្រឆាំងកូវីដ-១៩។ លោកស្រី បានអបអរសាទរកម្ពុជាដែលជាប្រទេសទទួលបានជ័យលាភីល្អក្នុងការងារគ្រប់គ្រងអន្តោប្រវេសន៍ និងបានទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។
លោកស្រី បន្ដថា អង្គការ IOMមិនត្រឹមតែធ្វើការងារទេសន្តប្រវេសន៍ ការងារទទួល និងជួយធ្វើសមាហរណកម្មពលរដ្ឋក្នុងសង្គមប៉ុណ្ណោះទេ តែអង្គការនេះក៏យកចិត្តទុកដាក់លើបញ្ហាប្រឈមសាកលផងដែរ គឺបញ្ហាបម្រែបម្រួលអាកាសធាតុដែលបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើឱ្យមានចលនាបម្លាស់ទី នាំទៅដល់ការធ្វើទេសន្តប្រវេសន៍របស់ប្រជាជន។
ជាការឆ្លេីយតប សម្ដេច ស ខេង បានសម្ដែងការគាំទ្រចំពោះការវាយតម្លៃ និងការគិតគូរបស់អង្គការ IOM អំពីបញ្ហាបម្រែលបម្រួលអាកាសធាតុដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ សម្ដេច ក៏សង្ឃឹមជឿជាក់ថា លោកស្រី និងអង្គការIOMនឹងបន្តជួយកម្ពុជាលើការងារទេសន្តប្រវេសន៍ និងការងារបម្រែលប្រម្រួលអាកាសធាតុនេះ ហើយសម្ដេចសូមជូនពរលោកស្រី និងសហការីទទួលបានជោគជ័យក្នុងបេសកកម្មការងារនៅកម្ពុជា ៕