ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានលើកឡើងពីផែនការរបស់លោក ក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា នៅរាជធានីភ្នំពេញ ដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
លោកឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះក្នុងជំនួប ជាមួយឧត្ដមសេនីយ៍ឯក ចន សេនដឺសុន អតីតមេបញ្ជាការរបស់កង កម្លាំងអន្តរជាតិ UNTAC អតីតមេបញ្ជាការកងទ័ពអូស្រ្ដាលី និងជាអតីតអភិបាលរដ្ឋ Western Australia ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-អូស្ត្រាលី និងខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើត UNTAC ផងដែរ ។
ក្នុងជំនួបនោះដែរឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនដៃគូសន្ទនាមអំពីលទ្ធផលនៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ទៅកាន់មីយ៉ាន់ម៉ាកាលពីខែមីនា ដោយគូសបញ្ជាក់អំពីបញ្ហាប្រឈមនានា ជាពិសេសភាពស្មុគស្មាញសម្រាប់កិច្ចសន្ទនាស្វែងរកសន្តិភាពក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើអាទិភាពបន្ទាន់ចំនួនបីគឺ៖ ១.ការបោះជំហានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា, ២.ការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ និង៣.ការកសាងទំនុកចិត្ត និងការបង្កើតបរិយាកាសដែលចាំបាច់សម្រាប់កិច្ចសន្ទនានយោបាយ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីផែនការរបស់លោកក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ នៅរាជធានីភ្នំពេញ ដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
ជាមួយគ្នានោះដែរឧត្តមសេនីយ៍ឯក សេនដឺសុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន និងរបស់លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា ជាពិសេសតាមរយៈការប្រើប្រាស់បទពិសោធន៍របស់កម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧត្តមសេនីយ៍ឯក សេនដឺសុន ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួមផងដែរ៕