ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បញ្ជារដ្ឋបាលក្រុងកំពង់ចាម និងស្រុកបាធាយ បញ្ឈប់យកកម្រៃសេវារដ្ឋបាល ទាំងឡាយណា ពុំមានកំណត់ ក្នុងប្រកាសអន្ដរក្រសួង (Video)

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យរដ្ឋបាលក្រុងកំពង់ចាម និងស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបញ្ឈប់ការយកកម្រៃសេវារដ្ឋបាលទាំងឡាយណា ដែលពុំមានកំណត់ក្នុងប្រកាសអន្ដរក្រសួង។

ថ្មីៗនេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារចុះ ទៅពិនិត្យមើលការផ្តល់សេវារដ្ឋបាល នៅការិយាល័យ ច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបាធាយ និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ជាលទ្ធផល ក្រុមការងាររបស់ក្រសួងមហាផ្ទៃ បានរកឃើញថា រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម មិនទាន់បានអនុវត្តឲ្យ បានត្រឹមត្រូវតាមបែបបទ និងនីតិវិធីនៃការផ្តល់សេវា របស់ការិយាល័យ ច្រកចេញចូលតែមួយ នៅឡើយ។

យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ មេសា បានឲ្យដឹងថា ដើម្បីកែលម្អ និងលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលខេត្តកំពង់ចាម ធ្វើការណែនាំដល់រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម លើចំណុចមួយចំនួន ដូចជា រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម ត្រូវប្រមូលផ្ដុំសេវារដ្ឋបាលទាំងអស់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ឲ្យមកអនុវត្តតាមការិយាល័យច្រកចេញចូលតែមួយ។

ក្រសួងបញ្ជាក់ថា «រដ្ឋបាលក្រុងកំពង់ចាម ត្រូវបញ្ឈប់ការយកកម្រៃសេវារដ្ឋបាលទាំងឡាយណា ដែលពុំមានកំណត់នៅក្នុងប្រកាសអន្តរក្រសួង។ ក្នុងករណីចាំបាច់ រដ្ឋបាលក្រុងត្រូវលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីរៀបចំបង្កើតប្រភេទសេវាថ្មី ដែលមានតម្រូវការចាំបាច់នៅមូលដ្ឋាន»។

លើសពីនេះទៀត ក្រសួងមហាផ្ទៃ ក៏បានណែនាំបន្ថែមទៀតដល់ រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម ត្រូវរៀបចំក្រុមការងារចុះស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពទីតាំងអាជីវកម្ម សេវាកម្ម នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទៀងទាត់ និងជំរុញប្រជាពលរដ្ឋឲ្យមកស្នើសុំសេវារដ្ឋបាលទៅតាមប្រភេទអាជីវកម្ម សេវាកម្មនីមួយៗ៕

To Top