ព័ត៌មានជាតិ

ប្រធានការិយាល័យ ប្រេសិតពិសេសប្រធានអាស៊ាន ទៅភូមា ជួបថ្នាក់ដឹកនាំពាក់ព័ន្ធ ពិភាក្សាការរៀបចំប្រជុំ ស្ដីពីការផ្តល់ជំនួយមនុស្សធម៌

ភ្នំពេញ៖ លោក គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេសកម្ពុជា និងជាប្រធានការិយាល័យ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា ជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំពាក់ព័ន្ធមីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្តូរយោបល់អំពី ការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការផ្តល់ជំនួយមនុស្សធម៌ ដល់មីយ៉ាន់ម៉ា ដែលគ្រោងធ្វើនៅដើមខែឧសភា នាពេលខាងមុខនេះ។

ដំណើរទស្សនកិច្ចរបស់លោក គង់ ភោគ ទៅកាន់មីយ៉ាន់ម៉ា បានធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ។

សូមរំលឹកផងដែរថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតខ្មែរ និងជាប្រឹសិតពិសេសប្រធានអាស៊ាន បានបំពេញទស្សនកិច្ច ជាលើកដំបូងទៅមីយ៉ាន់ម៉ាកាលពីខែមីនា ។ ក្នុងដំណើរទស្សនកិច្ចនោះលោក ប្រាក់ សុខុន បានគូសបញ្ជាក់ អំពីបញ្ហាប្រឈមនានា ជាពិសេសភាពស្មុគស្មាញ សម្រាប់កិច្ចសន្ទនាស្វែងរកសន្តិភាព ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើអាទិភាពបន្ទាន់ចំនួនបីគឺ៖ ១.ការបោះជំហានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា, ២.ការសម្របសម្រួលការ ចែកចាយជំនួយមនុស្សធម៌ និង៣.ការកសាងទំនុកចិត្ត និងការបង្កើតបរិយាកាសដែលចាំបាច់ សម្រាប់កិច្ចសន្ទនានយោបាយ ៕

To Top