ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីជាទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម កើនឡើងដល់៥ពាន់លានដុល្លារក៏ដោយ ក៏ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត ក្នុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ។
នាឱកាសអនុញ្ញាតឲ្យលោក ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានសេក្តីរីករាយជាមួយនឹងការរីកចម្រើន នៃទំនាក់ទំនងរវាងកម្ពុជា-វៀតណាម។
សម្ដេចតេជោមានប្រសាសន៍ថា «ជាការពិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងលើសផែនការ ៥ពាន់លានដុល្លារ តែទោះជាយ៉ាងនេះក្តី យើងត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការកែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នា ឲ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងការពិនិត្យមើលអ្វី ដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ អាចធ្វើការរួមគ្នាបន្តទៀត បាននៅពេលខាងមុខ»។
លោក ឌិញ ទៀនហ្ស៊ុង បានលើកឡើងអំពីការទប់ស្កាត់ជំងឺកូវីដ-១៩ នៅរដ្ឋធានីហាណូយ ភាពស្ថានភាពសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍របស់រដ្ឋធានីហាណូយ និងការប្ដេជ្ញាចិត្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវារដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ដូចជា៖ ការពង្រីក ពង្រឹងមិត្តភាព និងការអនុវត្តឲ្យទទួលបានភាពជោគជ័យ នូវរាល់សេចក្តីថ្លែងការ និងកិច្ចព្រមព្រៀងទាំងឡាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដែលបានព្រមព្រៀងគ្នាកន្លងមក៕