ព័ត៌មានជាតិ

លោក សាយ សំអាល់ អញ្ជើញបញ្ចុះបឋមសិលា សាងសង់អាគារស្នាក់ការ ស.ស.យ.ក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន (ស.ស.យ.ក) តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួម ពីសំណាក់អភិបាលខេត្តត្បូងឃ្មុំ លោកបណ្ឌិត ជាម ចាន់សោភ័ណ និងសមាជិកសមាជិកា ស.ស.យ.ក ខេត្តត្បូងឃ្មុំជាច្រើននាក់ទៀត នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់អាគារស្នាក់ការ ស.ស.យ.ក ខេត្តត្បូងឃ្មុំ មានទីតាំងស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោក ម៉ៅ ឌុង ប្រធាន ស.ស.យ.ក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ក៏ដូចជា សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយ នៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្ម ពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិសន្ធិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុត ដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

បច្ចុប្បន្ននេះ សហភាពសហព័ន្ធយុវជនកម្ពុជា កំពុងបន្តសកម្មភាពលើកស្ទួយនូវឧត្តមភាព កិត្តិនាមជាតិ និងផ្សព្វផ្សាយឲ្យបានទូលំ ទូលាយ អំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី សិល្បៈ ជំនឿសាសនា ដែលជាអត្តសញ្ញាណជាតិ និងបន្តលើកកម្ពស់សមត្ថភាព ជំនាញ ផលិតភាព ចំណេះដឹង និងបំណិនជីវិតរបស់យុវជន។

លោក ម៉ៅ ឌុង បានបន្តថា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមគំនិតដ៏ប្រពៃថ្លៃថ្លា និងដឹកនាំកសាងអគារស្នាក់ការ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ និង សិក្សាគម្រោងប្លង់ដោយយុវស្ថាបត្យករកូនខ្មែរ ដែលបានរចនាប្លង់ស្ថាបត្យកម្មរចនាប័ទ្ឋខ្មែរ បែបសហសម័យ នាសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ ដោយបានសំយោគបញ្ចូលគ្នា នូវរចនាប័ទ្ធស្ថាបត្យកម្មខ្មែរសំខាន់ៗ រួមមានស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ស្ថាបត្យកម្មព្រះពុទ្ធសាសនា ស្ថាបត្យកម្មប្រាសាទបុរាណខ្មែរ ស្ថាបត្យកម្មសំណង់បេតិកភណ្ឌអាណានិគមនិងស្ថាបត្យកម្មទំនើបកម្ម ។

បើតាម លោក អ៊ុន.ចាន់ណារើន ជាស្ថាបត្យករ នៃសំណង់នោះ បានឲ្យដឹងថា គម្រោងសាងសង់ស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំនេះ ត្រូវបានប្រសិទ្ធនាមថា “ អគារតេជោបូព៌ា” ដែលមានទីតាំងស្ថិតនៅភូមិនិគមលើ ស្រុកស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក ណារើន បានបញ្ជាក់ទៀតថា អគារតេជោបូព៌នេះ សាងសង់នៅលើផ្ទៃដីប្រមាណ ១ហិចតា មានទំហំតួអគារបណ្តោយប្រវែង ៤០,៥ម៉ែត្រ និងទទឹងប្រវែង ៣៨ម៉ែត្រ ជាសំណង់ជាន់ផ្ទាល់ដី មានកម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលដងក្ដារ នៃដំបូលខ្ពស់ជាងគេ ១២,៤០ម៉ែត្រ។ ការរៀបចំមុខងារប្រើប្រាស់នៃអគារ ៖ ច្រកចេញ-ចូល មានចំនួន០៣ ( ច្រកធំមុខ០១ និងច្រកតូចសងខាង ០២) បន្ទប់ការិយាល័យរដ្ឋបាល បន្ទប់ប្រជុំខ្នាតតូច និងបណ្ណាល័យ (ពហុមុខងារ) សាលប្រជុំចំណុះ ៣៨០ នាក់ បន្ទប់បច្ចេកទេស និងពិធីការ ឃ្លាំងផ្ទុកសម្ភារៈ និងបន្ទប់ទឹកប្រុស-ស្រី ។

សំណង់អគារ តេជោបូព៌ា ជាប្រភេទសំណង់បេតុងអាម៉េ គោរពតាមបទដ្ឋានស្តង់ដារបច្ចេកទេស ក្បូរក្បាច់ពិពិធវិចិត្ររចនា និងសោភ័ណភាពល្អប្រណីត។

លោកបន្តថា សំណង់ស្ថាបត្យកម្មអគារ តេជោបូព៌ា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញ និងរក្សានូវអត្តសញ្ញាណជាតិខ្មែរ ដែលរួមបញ្ចូលគ្នានូវ រចនាប័ទ្ឋស្ថាបត្យកម្មខ្មែរជាច្រើន រំលេចចេញជាស្ថាបត្យកម្មខ្មែរបែបសហសម័យ ក្នុងសម័យតេជោ សន្តិភាព និងអភិវឌ្ឍន៍ សម្រាប់ជាមរតករបស់យុវជនកម្ពុជាតរៀងទៅ៕

To Top