ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ កែប្រែទោសបុរសជាប់ចោទម្នាក់ ពីជាប់គុក១៣ ឆ្នាំ មកនៅត្រឹម១២ឆ្នាំវិញ ពាក់ព័ន្ធ ការវាយសម្លាប់បុរសរងគ្រោះម្នាក់ ដោយចោទថា ជាគ្រូអាបអាបធ្មប់

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២២ បានប្រកាសសាលក្រម តម្កល់ទោសបទចោទប្រកាន់ និង ទណ្ឌកម្មរបស់ បុរសជាប់ចោទម្នាក់ តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ១៣ ឆ្នាំ មកនៅត្រឹម ១២ ឆ្នាំវិញ ជាប់ពាក់ព័ន្ធអំពើឃាតកម្ម ដោយវាយសម្លាប់ បុរសចំណាស់ម្នាក់ ដោយគប់នឹងដុំថ្ម និង រួចយកឈើជ្រុងរហូតស្លាប់នៅហ្នឹងកន្លែង ដោយចោទប្រកាន់ជនរងគ្រោះថា ជាគ្រូអាបធ្មប់ និង ធ្វើអំពើអាបធ្មប់ ដាក់គ្រួសាររបស់គាត់ប្រព្រឹត្តនៅ ភូមិព្រៃជន្លួញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០១៧ ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់សាលក្រម របស់តុលាការថ្នាក់ក្រោម តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ១៣ ឆ្នាំ មកនៅត្រឹម ជាប់គុក កំណត់ ១២ ឆ្នាំវិញ ។ តែបើកផ្លូវឱ្យគាត់ ប្តឹងសាទុក្ខទៅ កាន់តុលាការកំពូល តាមនីតិវិធីច្បាប់។

លោក ស៊ុន វិសាល ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានអោយដឹងថា ជនជាប់ចោទ មានឈ្មោះ ៖ ឃុន វាសនា ហៅ អាវ៉ាភេទប្រុស អាយុ ៥០ ឆ្នាំមុខ របរកសិករ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ពៅ សុវណ្ណ ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខ កសិករ ។

អ្នកទាំងពីរ មានទីលំនៅភូមិព្រៃជន្លួញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០១៨ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំ និង បង្គាប់ឱ្យសង ជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះ ចំនួន ៨០ លានរៀល ពីបទ ” ឃាតកម្ម ” តាមមាត្រា ១៩៩ នៃក្រុមព្រហ្មទណ្ឌ។ តែគាត់ បានប្តឹងឧទ្ទរណ៍ ។

ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧ នៅភូមិព្រៃជន្លួញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ៕

ដោយ: លីហ្សា

To Top