ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាណ់ និងនេសាទ បាននិងកំពុងប្តេជ្ញាជំរុញការងារផលិតកម្ម ឲ្យកាន់តែមានភាពរីកចម្រើន បន្ទាប់ពីការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស តែងមានការប្រែប្រួល។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី២៧ មេសា នេះថា បើទោះបីជាពិភពលោកទាំងមូល បាននិងកំពុងរងឥទ្ធិពលអវិជ្ជមានពីវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន នាពេលថ្មីៗនេះ ក៏ស្ថានភាពនៃការនាំចេញ កសិផលទៅក្រៅប្រទេសក្នុងរយៈពេល៤ខែ (គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២) មានបរិមាណសរុប ៤ ០៤០ ៧០៣,៦៩តោន គឺមានការកើនឡើង ចំនួន ២១៤ ២៧០,៨៤តោន ស្មើនឹង ៥,៦០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ នាំចេញបានត្រឹមតែ ៣ ៨២៦ ៤៣២,៨៥តោន ក្នុងនោះ ការនាំចេញអង្ករ ស្រូវ ដំឡូង មីស្រស់ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី និងផលិតផលមួយចំនួនធំដទៃទៀត មានការកើនឡើងគួរឲ្យកត់សម្គាល់។
ក្រសួងបន្ដថា ទន្ទឹមនឹងកំណើននៃការនាំចេញនេះ ក៏សង្កេតឃើញថា ការនាំចេញកសិផលស្រស់មួយចំនួន ដូចជា ផ្លែចេក ស្រស់ និងស្វាយស្រស់ មានការថយចុះគួរឲ្យកត់សម្គាល់ ពិសេសការនាំចេញទៅកាន់ប្រទេសចិន បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២១។
ក្រសួងកសិកម្ម បានបញ្ជាក់ថា «ការនាំចេញកសិផលទៅកាន់ទីផ្សារក្រៅប្រទេស តែងមានការប្រែប្រួល ដែលជាការសម្រេចចិត្តរបស់ផ្នែកឯកជន ដើម្បីឆ្លើយតបទៅនឹងកត្តាទីផ្សារ ។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំជំរុញការងារផលិតកម្មឲ្យកាន់តែមានភាព រីកចម្រើនទៅមុខប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ស្របតាមលក្ខខណ្ឌ តម្រូវនៃប្រទេសនាំចូល ព្រមទាំងខិតខំចរចា ពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញកសិផលទាំងនោះ ទៅកាន់ទីផ្សារក្រៅប្រទេសឲ្យបានកាន់តែច្រើន»៕

