ភ្នំពេញ៖ លោកបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងតំណាងធនាគារ អេស៊ីលីដា (Acleda) កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានធ្វើសិក្ខាសាលារួមគ្នា ផ្សព្វផ្សាយ អំពីគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រ ខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន (កម្មវិធីហិរញ្ញប្បទានពិសេស ៤+៣) ដល់ប្រជាកសិករ សហគមន៍កសិកម្ម សហគ្រាសកែច្នៃ និងតួអង្គក្នុងខ្សែច្រវាក់ ផលិតកម្មកសិកម្ម ក្នុងខេត្តស្ទឹងត្រែង ។

សិក្ខាសាលារួមគ្នានេះ ធ្វើឡើងដោយមានការចូលរួមពី អភិបាលរងខេត្ត, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ថ្នាក់គ្រប់គ្រងបណ្តាស្រុក ក្នុងខេត្តស្ទឹងត្រែង និងប្រជាកសិករ អញ្ជើញចូលរួមប្រមាណ ១០០នាក់។
ក្នុងសិក្ខាសាលានេះ លោកប្រតិភូរាជរដ្ឋាភិបាល បានលើកឡើងថា រយៈពេលកន្លងមកវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ច និងកានាំចេញផលិតផលរបស់កម្ពុជាយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ផលរបរ របស់ប្រជាកសិករផងដែរ ដោយសារខ្វះទីកន្លែងកែច្នៃ ផលិតផលកសិកម្ម។
លោក កៅ ថាច ក៏បានលើកទឹកចិត្ត និងជំរុញឱ្យប្រជាកសិករធ្វើការ ចុះបញ្ជីជាអ្នកអនុវត្តកសិកម្មល្អ (GAP) ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងដែលមិនមានជាតិពុល និងមានស្តង់ដារភូតគាមអនាម័យ ជាពិសេស ស្វាយកែវរមៀត ដើម្បីអាចនាំចេញទៅក្រៅប្រទេស និងប្រទេសផ្សេងៗទៀតដោយផ្ទាល់ ព្រមទាំងរៀបចំផែនការដាំដុះ អោយបានច្បាស់លាស់ ដើម្បីក្លាយជាកសិករសហគ្រិន។
ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលនេះ ប្រជាកសិករ សហគមន៍កសិកម្ម និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម អាចទទួលបានហិរញ្ញប្បទានតារយៈ ធនាគារ ARDB និង តាមរយៈធនាគារ អេស៊ីលីដា ក៏បាន ដោយសារធនាគារ ARDB បានធ្វើសហហិរញ្ញប្បទាន ចែករំលែកហានិភ័យ ជាមួយធនាគារ ACLEDA។
នាឱកាសនោះ ក៏មានការផ្តល់ទូរស័ព្ទដៃ ដល់អតិថិជនដែលទទួលឥណទាន ក្រោមហិញ្ញប្បទានពិសេស ដែលបានជាប់ជាអតិថិជនគំរូ ចំនួន៥ រូបផងដែរ៕











