ព័ត៌មានជាតិ

កម្ពុជា ប្រកាន់ខ្ជាប់គោលជំហរឥតងាករេ បន្តពូនជ្រុំទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ ជាមួយវៀតណាម (Video)

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងថា កម្ពុជា ប្រកាន់ខ្ជាប់គោលជំហរឥតងាករេ ក្នុងការបន្តពូនជ្រុំ នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម តាមទិសស្លោក «អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់វិស័យរឹងមាំយូរអង្វែង»។

នាឱកាសអនុញ្ញាតឲ្យលោក ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យនយោបាយ បក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិកាបក្ស រដ្ឋធានីហាណូយ ប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម នាថ្ងៃទី២៧ មេសា សម្តេច សាយ ឈុំ បានរីករាយដោយឃើញ ចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។

សម្ដេច បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានគាំទ្រដល់បុព្វហេតុ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា ក្នុងគ្រប់ដំណាក់កាល។

សម្ដេចបញ្ជាក់ថា «កម្ពុជាប្រកាន់ខ្ជាប់ នូវគោលជំហរឥតងាករេ ក្នុងការបន្តពូនជ្រុំ នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជន នៃប្រទេសយើងទាំងពីរ តាមទិសស្លោក អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់វិស័យរឹងមាំយូរអង្វែង។ កម្ពុជា-វៀតណាម គឺជាអ្នកជិតខាងល្អ បងប្អូនល្អ មិត្តល្អ និងដៃគូល្អ»។

នាឱកាសនោះដែរ លោក ឌិញ ទៀន ហ្ស៊ុង បានសម្តែងសេចក្តីរីករាយ ចំពោះសមិទ្ធផលនានា ដែលប្រទេសទាំងពីរ បានរួមចំណែកដល់ការពង្រឹងពង្រីក ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ។

លោកសង្ឃឹមថា ព្រឹទ្ធសភាកម្ពុជា នឹងបន្តបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយនឹងរដ្ឋសភាវៀតណាម ក្នុងការផ្លាស់ប្តូរ បទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាក្នុងការត្រួតពិនិត្យ ការតាមដាន ការជំរុញស្ថាប័នពាក់ព័ន្ធ រួមទាំងពាណិជ្ជករ ក្នុងការអនុវត្តយ៉ាងសកម្ម នូវសេចក្តីថ្លែងការណ៍រួម គោលនយោបាយ និងកិច្ចព្រមព្រៀងនានារវាងប្រទេសទាំងពីរ៕

To Top