ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបង្ហាញក្ដីសង្ឃឹមថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) នឹងនៅតែបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរព័ត៌មាន និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់កម្រិត គ្រប់ប្រភេទទ័ព ជាពិសេសកងទ័ពជើងគោក ប្រទេសទាំងពីរ។នេះបើយោងតាម អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន បែបនេះធ្វើឡើងក្នុងឱកាសទទួលបដិសណ្ឋារកិច្ចជាផ្លូវការ នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី អគ្គសេនាធិការចម្រុះ កងស្វ័យការពារជប៉ុន នៅអគ្គបញ្ជាការដ្ឋាន នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។
នៅក្នុងឱកាសនោះនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី និងសហការី ដែលបានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បំរើផលប្រយោជន៍ដល់កងទ័ពប្រទេសទាំងពីរ ក៏ដូចបម្រើសន្តិសុខក្នុងតំបន់ និងពិភពលោក។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីចំណងទាក់ទង ពាណិជ្ជកម្មរវាង កម្ពុជា-ជប៉ុន ដែលមានតាំងពីសតវត្សទី១៧ និងទំនាក់ទំនាក់ការទូតមានតាំងពីឆ្នាំ១៩៥៣ ហើយជប៉ុនបានចូលរួម នៅក្នុងដំណើរការបញ្ចប់សង្រ្គាមរ៊ាំរ៉ៃ ការចូលរួមកសាងសន្តិភាព និងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកម្ពុជា។
ពាក់ព័ន្ធលើវិស័យយោធា នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងស្វ័យការពារជប៉ុន ដែលបានរួមចំណែកអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ តាមរយៈការទទួលយកសិក្ខាកាមយោធាកម្ពុជា ទៅបណ្តុះបណ្តាលលើជំនាញផ្សេងៗ និងបានស្នើដល់ភាគីជប៉ុនគាំទ្រ ឲ្យមានទស្សនកិច្ច របស់នាយទាហានវ័យក្មេង ជួយកសាងធនធានមនុស្ស ផ្តល់សម្ភារៈបរិក្ខារយោធា ក៏ដូចជាជួយលើវិស័យសង្រ្គោះគ្រោះមហន្តរាយ និងបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ជាពិសេស ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកកម្ពុជាសារជាថ្មី ដើម្បីពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ។
នាយឧត្ដមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ ដោយលោក បានចាត់ទុកថា កម្ពុជា ជាប្រទេសដែល មានការគ្រប់គ្រងបានខ្ពស់ជាងគេ នៅលើពិភពលោក។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ទៅថ្ងៃអនាគត ជប៉ុនរីករាយនឹងបន្តជួយដល់កម្ពុជា លើផ្នែកបេសកកម្មថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ជួយលើវិស័យសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការបណ្ដុះបណ្ដាល ធនធានមនុស្ស៕