ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់ យកមកអប់រំ​ ក្រោយលក់ស៊ីមកាតទូរស័ព្ទ មិនយកអត្តសញ្ញាណប័ណ្ណ

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង សហការជាមួយ មន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា និងកម្លាំងនៃនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២៨ មេសា បានបើកប្រតិបត្តិការ បង្ក្រាបករណីលក់ស៊ីមកាតទូរស័ព្ទ មិនយកអត្តសញ្ញាណប័ណ្ណ និងក្លែងបន្លំអត្តសញ្ញាណប័ណ្ណ នៅចំណុចមុខរបងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតលើចិញ្ចើមផ្លូវ២៧១ ជិតកែងផ្លូវលេខ១៨៣ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានឃាត់ខ្លួនស្ត្រីម្នាក់ ។

ស្ត្រីដែលជាអ្នកលក់ស៊ីមកាតទូរស័ព្ទ មិនយកអត្តសញ្ញាណប័ណ្ណនោះ មានឈ្មោះ សុខ ស្រីម៉ៅ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

ក្នុងប្រតិបត្តិការនោះ ដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ទូរស័ព្ទដៃសម្រាប់អាកធីវ, លេខទូរស័ព្ទ ពណ៌ស ម៉ាកសាប, ស៊ីមកាតចំនួន ៣ប្រព័ន្ធ សរុប ២៤៧ស៊ីមការ (ស៊ីមស្មាត ចំនួន១១៣ស៊ីមកាត មែតហ្វូន ចំនួន៥៩ស៊ីមកាត សែលកាត ចំនួន៧៥ស៊ីមកាត), សៀវភៅកត់ទិន្នន័យលក់ស៊ីមកាត, តាងរាងបញ្ចីរាយលេខទូរស័ព្ទ។

ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំស្ត្រីខាងលើ បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានលក់ស៊ីមទូរស័ព្ទ ទៅឱ្យប្រជាពលរដ្ឋ ដោយពុំបានយកអត្តសញ្ញាណប័ណ្ណ ពិតប្រាកដមែន ដោយលក់ឱ្យម្ចាស់ឈ្មោះ ប្រសើរ (ស្គាល់មិនច្បាស់)។

បន្ទាប់ពីសួរនាំរួចសមត្ថកិច្ច បានធ្វើ ការណែនាំអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

To Top