ព័ត៌មានជាតិ

សាមគ្គីភាពរឹងមាំ ប្រយុទ្ធប្រឆាំងជំងឺ វីរុស រវាងកម្ពុជា-ចិន បង្ហាញពីគំរូនៃ ការកសាងសហគមន៍ នៃសុខភាពទូទៅ សម្រាប់មនុស្សជាតិ

មានប្រសាសន៍ប្រាប់វិទ្យុមិត្តភាព កម្ពុជា-ចិន តាមទូរស័ព្ទ នារសៀលថ្ងៃទី២៩ មេសា ២០២២ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជានិងចិន បាននិងកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ក្នុងវិស័យ សុខភាពសាធារណៈ ជាពិសេស ក្នុងបរិបទកូវីដ១៩នេះ ដោយប្រទេសទាំងពីរបានបង្ហាញនូវ សាមគ្គីភាពរឹងមាំ ក្នុងនោះ ចិនបានជួយកម្ពុជាច្រើនណាស់ ជុំវិញការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ចិនគឺជាប្រទេសទី១ ដែលបានជួយកម្ពុជាខ្លាំងជាងគេ លើបញ្ហាកូវីដនេះ មានទាំងជំនួយបច្ចេកទេស សម្ភារៈ បរិក្ខាពេទ្យ គ្រូពេទ្យស្ម័គ្រចិត្ត និងវ៉ាក់សាំង ជាដើម ជាពិសេស គឺទឹកចិត្ត ដូច្នេះ កិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈនេះ គឺជាគំរូសំខាន់មួយទៀត ដែលទាំងភាគីកម្ពុជានិងភាគីចិនបានឈរលើស្មារតី នៃគោលការណ៍ពហុភាគីនិយម ស្ទើរគ្រប់វិស័យ និយាយជារួម និងនិយាយដោយឡែក សុខភាពសាធារណៈ។ មេដឹកនាំប្រទេសទាំងពីរ តែងតែរំលេចឡើងពី ពហុភាគីនិយម ឬ ការដោះស្រាយរួមគ្នា នូវអ្វីជាកង្វល់អន្តរជាតិ ដោយយើងឃើញថា ទាំងបញ្ហាសុខាភិបាល សុខភាពសាធារណៈ បរិស្ថាន ការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដី ក៏ដូចជា កំណើនរួមនៃពិភពលោក គឺត្រូវការកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងបណ្តាប្រជាជាតិនានាទាំងអស់ នៅក្នុងពិភពលោក ហើយកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនអាចជាគំរូមួយ សម្រាប់ឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងរួមក្នុងការ ដោះស្រាយបញ្ហាវិបត្តិសុខភាពសាធារណៈនេះ ដែលជាគំរូ ជាការចេញដំណើរប្រកបដោយវិជ្ជមាន សម្រាប់ការកសាងសហគមន៍សម្រាប់សុខភាពទូទៅរបស់មនុស្សជាតិ ដែលទាមទារឲ្យមានសាមគ្គីភាព កិច្ចខិតខំប្រែងរួមគ្នា ព្រោះថា បញ្ហាសុខភាពគឺមិនអាចឈប់បានទេ ជាបញ្ហាដែលរកដំណោះស្រាយគ្មានព្រំដែន នេះគឺជាគំរូម សម្រាប់សុខភាពរបស់មនុស្សជាតិ។

លោក គិន ភា ក៏បានលើកឡើងពីការសម្រេចចិត្តដកចេញ កាតព្វកិច្ចម៉ាស់ របស់រាជរដ្ឋាភិបាល ថ្មីៗនេះ ដែលបង្ហាញពីជោគជ័យដ៏ធំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ដោយសារតែមានភាពសុំាសហគមន៍គ្រប់គ្រាន់។ ជោគជ័យនេះអាចឆ្លុះបញ្ជាំងបាន ក្រោយពិធីបុណ្យចូលឆ្នាំ ដែលការឆ្លងកូវីដករណីថ្មីៗ ធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយនេះគឺកើតចេញពីការដើរត្រូវនៃនយោបាយវ៉ាក់សាំង ជាពិសេស ការជ្រើសរើសប្រទេសចិន ជាប្រទេសយុទ្ធសាស្ត្រ ជាប្រភពវ៉ាក់សាំងធំបំផុតសម្រាប់កម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ប្រជាជន។

លោកបានបន្ថែមទៀតថា ការដែលកម្ពុជាអាចរំដោះចេញ ពីកាតព្វកិច្ចម៉ាស់ នេះនឹងជួយជំរុញបើកសេដ្ឋកិច្ចសង្គមឡើងវិញ ហើយ បើពុំមានអ្វីប្រែប្រួលទេ លោក អាចព្យាករណ៍បានថា នៅត្រឹមឆ្នាំ២០២៣ កម្ពុជាអាចមានកំណើនសេដ្ឋកិច្ចល្អឡើងវិញ ជាធម្មតា ប៉ុន្តែ ក៏បន្តទាមទារឲ្យប្រជាពលរដ្ឋ ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ការអនុវត្តតាមការណែនាំនានា របស់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរខួបលើកទី ៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍ នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ កាលពីថ្ងៃទី២៥ មេសា ២០២២ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រចំពោះគ្រប់សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្ត ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ៕

To Top