ស្វាយរៀង ៖ ក្រុមឈ្មួញនាំសត្វជ្រូក ពីប្រទេសវៀតណាមក កម្ពុជារៀងរាល់ថ្ងៃ រាប់រយក្បាល ដឹកតាមរថយន្តសាំយ៉ុង ពីព្រំដែនក្រសាំងជ្រំឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ រួចផ្ទេរដាក់រថយន្តធំដឹកទៅរាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះថា ក្រុមឈ្មួញ បាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែនចែកខេត្តគឺភូមិក្រាំងលាវ ស្រុកពង់ត្របែក ខេត្តព្រៃវែងនិងភូមិក្រសាំងជ្រំ ឃុំគ្រួសស្រុកស្វាយជ្រុំខេត្តស្វាយរៀង។
ប្រភពបញ្ជាក់ថា នៅល្ងាចថ្ងៃទី៣០មេសា នេះវៀតណាមបានសាងជ្រូករស់ចំនួន៤០ក្បាល ចេញពីរថយន្តនៅព្រំដែនវៀតណាម លើកដាក់ទូកសាឡង់ឆ្លងព្រែកព្រំដែនចូលមក ប្រទេសខ្មែរ រួចក្រុមឈ្មួញបានចាប់ជ្រូកចេញពីសាឡង់ លើកដាក់លើរថយន្តសាំយ៉ុង ដែលចាំនៅព្រំដែនខ្មែរចំនួន៣គ្រឿង។
ប្រភពបន្តថា ខណៈដែលកំពុងលើកជ្រូកដាក់លើរថយន្ត បានបួនប្រាំក្បាល ស្រាប់តែឃើញវត្តមានអ្នកសារព័ត៌មាន ទៅដល់ក៏នាំគ្នាបើករថយន្តគេច ចេញពីកន្លែងសាងជ្រូក១គ្រឿងបើកចូលទៅក្រាំងលាវ រដ្ឋបាលស្រុកកំពង់ត្របែកនិង២គ្រឿងបើកគេចទៅក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយរថយន្តជាច្រើនគ្រឿងផ្សេងទៀតដែលមិនទាន់បានលើកជ្រូកដាក់នោះ បានបើកគេចទៅវិញចូលភូមិក្រាំងលាវ ស្រុកកំពង់ ត្របែកខេត្តព្រៃវែងតាមផ្លូវលំក្រវ៉ាត់ព្រំដែន។
សមត្ថកិច្ចម្នាក់បានឲ្យដឹងថា ចំណុចឈ្មួញនាំជ្រូកវៀតណាមឆ្លងដែននោះគឺស្ថិតចន្លោះភូមិចុង ចាំង ឃុំហ៊ឹង ហា និងភូមិហ៊ឹងប៊ីងបេ ឃុំប៊ីងបេ ស្រុកតាំងហ៊ឹង ខេត្តឡុងអាង ប្រទេសវៀតណាម ដីខ្មែរភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដឹកគេចតាមផ្លូវកៅស៊ូចូលមកភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ឡើងមកឃុំក្រោលគោស្រុកស្វាយជ្រំ ខេត្តស្វាយរៀងរួចផ្ទេររថយន្តនៅចំណុចកែងភូមិព្រៃឈ ស្រុកកំពង់ត្របែកខេត្តព្រៃវែង។
ប្រភពបានបង្ហើបឲ្យដឹងថាឈ្មួញ ឈ្មោះ គង់ ជាទាហ៊ាន មានទីលំនៅភូមិតាប៉ ឃុំតាសួសស្រុកស្វាយជ្រំ លក់បន្តឲ្យក្រុមហ៊ុនដានីដេង ប្រធានក្រុមហ៊ុនឈ្មោះដេង ដានី ។
ទាក់ទិនករណីនេះដែរ អ្នកព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីលោក យ៉ន សុផលមេបញ្ជាការវរសេនាតូច ការពារព្រំដែនគោកលេខ ៦០៩បានទេ ដោយទូរសព្ទ័ចូលហើយឆ្លើយថា កំពុងបើករថយន្តការពារគណៈប្រតិភូ ពិនិត្យផ្លូវក្រវ៉ាត់ព្រំដែន។
លោកប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរក្ខាប្រម៉ាញ់ និងនេសាទខេត្តបានឲ្យអ្នកសារព័ត៍មានឲ្យដឹងតាមទូរសព្ទ័ថា ក្រុមការងារពេទ្យសត្វបានចុះផ្សព្វផ្សាយដល់សមត្ថកិច្ចពាក់ពន្ធ័ នៅឈជើងតាមប៉ុស្ត៍វរៈការពាព្រំដែនគោក សូមឲ្យជួយទប់ស្កាត់និងបង្ក្រាបបទល្មើស ការនាំជ្រូករស់ និងផលិតផលដែលមានដើមកំណើតពីសត្វ ពីប្រទេសវៀតណាមឆ្លងដែនចូលមកប្រទេសកម្ពុជា រដ្ឋបាលខេត្តស្វាយរៀង។ ហើយលោកបានចេញលិខិតដាក់ សំណើរទៅលោកអភិបាលខេត្តស្វាយរៀង តាមរយៈលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត សូមឲ្យដាក់បញ្ជាទៅលោកស្នងការនៃស្នងការដ្ឋាន នគបាលខេត្តស្វាយរៀងឲ្យមន្ត្រីនគបាលវរៈការពារព្រំដែន រឹតបន្តឹងនិងបង្ក្រាបបទល្មើសនាំសត្វជ្រូករស់ឆ្លងដែនពីប្រទេសវៀតណាម ចូលមកដោយខុសច្បាប់ ក៏ប៉ុន្តែបទល្មើស នាំជ្រូករស់ពីប្រទេសវៀតណាមដោយខុសច្បាប់នៅតែមានបន្តបន្ទាប់៕