ព័ត៌មានជាតិ

កម្ពុជា ទទួលពានរង្វាន់ ប្រាក់ពិភពលោក ក្នុងឱកាសការចូលរួម ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ សហភាពអារ៉ាប់រួម

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានរៀបចំពិធីអបអរសាទរកម្ពុជា ទទួលបានពានរង្វាន់ប្រាក់ ពិភពលោក ពីគណៈកម្មការរៀបចំ ពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍ អន្តរជាតិ (BIE) ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួម ពិព័រណ៍ពិភពលោក និងពិព័រណ៍ ពាណិជ្ជកម្ម អន្តរជាតិ និងជាអគ្គស្នងការកម្ពុជា សម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ ។ នេះយោងតាមគេហទំព័រ ហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បញ្ជាក់ថា ជាលទ្ធផលកម្ពុជា បានទទួលពានរង្វាន់ប្រាក់ពិភពលោក ១ គ្រឿង ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ BIE លើផ្នែកការរចនាពន្លាជាតិ បានល្អជាងគេក្នុងសង្កាត់និរន្តរភាព (Silver Award on the Interior Design for Sustainable District) ក្នុងចំណោមប្រទេស ចំនួន ៤៥ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់នោះ ហើយនេះជាលើកទី២ ដែលកម្ពុជាមានកិត្តិយស បានទទួលពានរង្វាន់ប្រាក់នេះ បន្ទាប់ពីបានទទួលពានរង្វាន់ប្រាក់លើក ដំបូងពីការចូល រួមពិព័រណ៍ពិភពលោកឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី ។

លោកបន្តថា ពានរង្វាន់នេះ ធ្វើឡើងតាមរយៈការវាយតម្លៃយ៉ាងសុក្រឹត ដោយផ្អែកលើការរៀបចំ តុបតែងពន្លាជាតិ ស្របតាមខ្លឹមសារ និងប្រធានបទ រួមទាំងកំណត់ទៅតាមទំហំ និងប្រភេទពន្លាជាតិ ដោយត្រូវឆ្លងកាត់ការវាយតម្លៃ ផ្អែកលើទិដ្ឋភាពរួមចំនួន ៣ គឺ៖ ១. ស្ថាបត្យកម្ម និងទស្សនីយភាព ២. ការរចនាពន្លាជាតិ និង ៣. ការបកស្រាយប្រធានបទ ។

លោកបន្ថែមថា ពានរង្វាន់នេះជាស្នាដៃមួយ ដែលមានតម្លៃជាប្រវត្តិសាស្រ្ត ហើយបានបញ្ជាក់ពីការ ទទួលស្គាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជា បានល្បីល្បាញ ជាសកល តាមរយៈការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ កម្រិត ពិភពលោកនានា ព្រមទាំងនាំ មកនូវមោទកភាព ជូនជាតិក្នុងការចូលរួម ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ។

សូមរំលឹកថា កម្ពុជាធ្លាប់មានបទពិសោធន៍ និងទទួលបានជោគជ័យចំនួន ៤ លើករួចមកហើយ ក្នុងការចូលរួមពិព័រណ៍ពិភពលោកចាប់តាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន ក្នុងនោះពិព័រណ៍ពិភពលោក ២០០៥ នៅទីក្រុងអាយជី ប្រទេសជប៉ុន, ពិព័រណ៍ពិភពលោក ២០១០ នៅទីក្រុងសៀងហៃ ប្រទេសចិន, ពិព័រណ៍ពិភពលោក ២០១៥ នៅទីក្រុងមីទ្បង់ ប្រទេសអ៊ីតាលី និងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នៅសហភាពអារ៉ាប់រួម ហើយនៅឆ្នាំ២០២៥ ខាងមុខ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជានឹងចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា-កាន់សៃ ជប៉ុន (Expo 2025 Osaka, Kansia, Japan) ក្រោមប្រធានបទ “Designing Future Society for Our Lives”៕

To Top