កោះកុង ៖ បន្ទាប់ពីភាគីថៃ បានប្រកាសបើកដំណើរការ ច្រកទ្វារអន្តរជាតិ ព្រំដែនគោក ជាមួយកម្ពុជាឡើងវិញ កាលពីថ្ងៃទី១ ខែឧសភា អ្នកដំណើរ ទាំងអស់ ត្រូវ ធ្វើតេស្តរហ័សនៅខាងកម្ពុជា ទើបអនុញ្ញាតឱ្យឆ្លងដែន ចូលទៅកាន់ប្រទេសថៃ តាមច្រកខេត្តកោះកុង ខណៈពីថៃមកកម្ពុជា មិនតម្រូវធ្វើតេស្តនោះទេ ។

សូមរំលឹកថា សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្ពុជា ឱ្យ តែទទួលវ៉ាក់សាំងគ្រប់ដូស មិនតម្រូវធ្វើតេស្តរហ័យ ឬយកសំណាកអ្វីឡើយ ប៉ុន្តែអ្វីដែលជាការអនុវត្តជាក់ស្តែង ការធ្វើតេស្តចូលពុំមាននោះទេ ប៉ុន្តែបែជាធ្វើតេស្តមុនចេញទៅវិញ (កម្ពុជា-ថៃ)។

ការធ្វើតេស្តនេះ ត្រូវបានមន្ត្រីពិនិត្យសុខភាព ប្រចាំការច្រកចាំយាមមួយរូប កាលពីថ្ងៃ៣ឧសភា បានឱ្យ អ្នកសារព័ត៌មានដឹងថា ការធ្វើតេស្តនេះ ពុំមែនជាគោលការណ៍របស់ភាគីកម្ពុជានោះទេ ប៉ុន្តែកម្ពុជា ទទួលកិច្ចការតេស្តនេះ ឱ្យ ភាគីថៃ ដោយតម្រូវបង់ប្រាក់៤ដុល្លារ។

បើតាមប្រភព ពីប្រជាពលរដ្ឋកម្ពុជា ដែលបានឆ្លងកាត់តាម ច្រក ព្រំដែន ចាំយាម បាន សម្តែងការមិនពេញចិត្ត ចំពោះភាគីថៃ ដែលបានរឹតត្បឹត មកកាន់ភាគីកម្ពុជា តួរយ៉ាងការកំណត់ឯកសារ មានការប្រែប្រួលរហូត ហាក់បីដូចជាភាគីថៃ មិនទាន់ត្រៀមរួចរាល់ ជាពិសេសបើទោះបីជាបាន ចាក់វ៉ាក់សាំងគ្រប់ដូស ថែមទាំងមានឯកសារធានារ៉ាប់រងសុខភាពពីភាគីថៃ និងមានប័ណ្ណអនុញ្ញាតិ អោយចូលរួចអស់ទៅហើយ ក៏ត្រូវធ្វើតេស្តរហ័យដដែល។

ប្រភពសុំមិនបញ្ចេញឈ្មោះ ពីច្រកព្រំដែនមួយរូប បានឲ្យដឹងដែរថា កាលពីថ្ងៃទី២ មានភ្ញៀវទេសចរ ជនជាតិវៀតណាម ឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ ត្រូវបានជាប់គាំងដោយសារការធ្វើតេស្ត ដោយចំណាយពេលយូរ ថែមទាំង ម្នាក់ក្នុងចំណោមពួកគេ មានវិជ្ជមានកូវីដ១៩ទៀតផង ហើយត្រូវបាននៅព្យាបាលនៅខេត្តកោះកុង។
ហេតុការណ៍នេះ ច្បាស់ណាស់សម្រាប់ជនជាតិវៀតណាម និងយល់ថា ភាគីកម្ពុជា នៅមានភាពស្មុគស្មាញ ក្នុងការឆ្លងកាត់ មិនដូចអ្វីដែលជាការប្រកាស របស់ក្រសួងសុខាភិបាលកម្ពុជាឡើយ ។

ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ PATA ក្នុងឱកាសចូលរួមកិច្ចប្រជុំ នៅប្រទេសថៃ ដែលបានឆ្លងកាត់ តាមច្រកព្រំដែនចាំយាម បានលើកឡើងថា “ ថៃបើកព្រំដែនថ្មីៗនេះ ជាដំណឹងល្អសម្រាប់កម្ពុជា ក៏ដូចជាប្រជាជនថៃដែរ បទពិសោធន៍ នៃការឆ្លងកាត់របស់យើងម្សិលមិញ យើងឃើញខាងកម្ពុជាយើង មានបានអនុវត្ត មន្ត្រីរបស់យើង បានអនុវត្តកាតព្វកិច្ច របស់ខ្លួនបានល្អមែនទែន មានន័យថា មន្ត្រីរបស់យើង ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមែនទែន ។ ប៉ុន្តែនៅពេលដែលយើងឆ្លងមកខាងថៃ យើងបានមើលឃើញថា ខាងថៃហាក់បីដូចជាថ្មី ពេកសម្រាប់គាត់ បន្ទាប់ពីគាត់ (ថៃ) បានបិទ២ឆ្នាំមក ដោយឡែកខាងកម្ពុជា យើងដោយយើងមិនដែលបិទ ចឹងហើយយើងអនុវត្តបានប្រសើរជាង” ។

លោកបានបញ្ជាក់ថា “សម្រាប់ខ្ញុំ ការបើកច្រកទ្វារព្រំដែននេះ មានសារសំខាន់មែនទែន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ប្រទេសទាំងពីរ ជាពិតហើយ បើយើងនិយាយ ពីផលប្រយោជន៍ ថៃមានផលប្រយោជន៍ច្រើនជាងកម្ពុជា ប៉ុន្តែត្រូវចាំថា កម្ពុជាយើង ក៏ត្រូវការប្រទេសជិតខាងដែរ យើងមិនអាច រស់នៅដោយបិទព្រំដែនបានទេ ។ យើងឃើញ ខាងភាគីថ្ងៃ ហាក់ដូចមិនទាន់រួចរាល់ មិនទាន់មានភាពច្បាស់លាស់នៅឡើយ អំពីការឆ្លងកាត់ព្រំដែន ទាំងឯកសារអ្វីជាដើម ឧទាហរណ៍កម្ពុជា មកចង់យកឡានចូលមក គាត់ត្រូវការឯកសារអ្វីជាដើម“ ។

លោកឲ្យដឹងទៀតថា “អ្វីដែលខ្ញុំគត់សម្គាល់មួយទៀត ទៅនឹងការធ្វើ តេស្តរហ័ស ពីព្រោះនៅរដ្ឋាភិបាលយើង មិនតម្រូវធ្វើតេស្តរហ័សពេលមកដល់នោះទេ ប៉ុន្តែ ចំឡែក យើងមកដល់ម្សិលមិញ យើងឃើញមានការធ្វើតេស្តរហ័សនៅកោះកុង ហើយមន្ត្រីកម្ពុជាយើងបាននិយាយថា ការស្នើសុំពីខាងភាគីថៃ បានឲ្យខាងកម្ពុជាជួយធ្វើជំនួសទៅវិញ ចឹងខ្ញុំគិតថា ក្រសួងសុខាភិបាល គួរតែពិនិត្យមើលដែរ ព្រោះកម្ពុជា អាចជាជនរងគ្រោះ ។ ហេតុអ្វីបានជាខ្ញុំនិយាយថា កម្ពុជា អាចជាជនរងគ្រោះ ឧទាហរណ៍ភ្ញៀវបរទេស វៀតណាមចូលមកថៃ ស្រាប់តែចូលមកដល់ កម្ពុជាយើង មិនតម្រូវធ្វើតេស្តរហ័សនោះទេ ក៏ប៉ុន្តែយើងធ្វើឲ្យថៃ នៅពេលដែលរកឃើញវិជ្ជមានអ្វីមួយហើយចូលមិនបាន គេនឹងចោទថាយើងជាអ្នករឹតត្បឹតទៅវិញ” ។

ក្នុងនោះលោកក៏បានស្នើ ឲ្យក្រសួងសុខាភិបាល ពិនិត្យ មើលនូវចំណុចនេះឡើងវិញផងដែរ ដើម្បីឲ្យកម្ពុជា ជាប្រទេសដែលមានសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។
ជុំវិញបញ្ហាខាងលើនេះ ត្រូវបាន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យ ដឹងនៅរសៀលថ្ងៃទី៤ឧសភានេះថា “ប្រទេសគេ មានច្បាប់ខុសគ្នា ។ មិនមែនជារឿងតវ៉ាមិនតវ៉ាទេ សូមកុំយល់ច្រឡំពីរបៀប ប្រទេសនីមួយៗគេចាត់ចែង”៕

