ព័ត៌មានជាតិ

ឃាត់ខ្លួនស្រីស្អាតរូបស្រស់ម្នាក់ ចេញសែកអត់លុយជិត១លានដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន(ចេញសែកអត់លុយ) ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខអាគា Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦០០០ដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ។

ជនសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះលេខ ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

To Top