ត្រាត-ថៃឡង់ដ៏៖ ក្រោយពីបើកដំណើរការ ឲ្យមានលំហូរចរាចរ ប្រជាជននិងប្រជាជន ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ តាមផ្លូវគោក រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ឡើងវិញ ក្នុងនោះភាគីឯកជន ក្នុងវិស័យទេសចរណ៍ប្រចាំខេត្តត្រា ប្រទេសថៃ បាននឹងកំពុងជំរុញ ដល់រាជរដ្ឋាភិបាលរបស់ខ្លួន សម្រាប់ការផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរ ឲ្យកាន់តែល្អប្រសើរ ងាយស្រួលនិងរហ័ស នាំមកនូវកំណើនទេសចររវាងប្រទេសទាំងពីរ ។ នេះជាការលើកឡើងរបស់អ្នកស្រី វីយ៉ាដា ស្រុង អនុប្រធានសភាពាណិជ្ជកម្ម វិស័យទេចរណ៍ប្រចាំខេត្តត្រាត (Trat) ប្រទេសថៃ។
អ្នកស្រី វីយ៉ាដា ស្រុង អនុប្រធានសភាពាណិជ្ជកម្ម វិស័យទេចរណ៍ប្រចាំខេត្តត្រាត (Trat) ប្រទេសថៃ បានសម្តែងនូវការសប្បាយចិត្ត និងអរគុណចំពោះរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលបានសម្រេចបើកច្រកទ្វារអន្តរជាតិ ត្រាត និងច្រកចាំយាម ដែលនាំឲ្យមានលំហូរពាណិជ្ជកម្ម ក៏ដូចជាវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឡើងវិញ ។
អ្នកស្រីថា នៅក្នុងពេលដំបូង ការបើកឲ្យចេញចូលនេះ នឹងមានបញ្ហាខ្លះៗ ចំពោះភាគីទាំងពីរ ប៉ុន្តែអ្នកស្រីនៅតែជឿជាក់ថា នឹងដោះស្រាយបានជាបន្តបន្ទាប់ នាពេលបន្តបន្ទាប់ ។ បន្ទាប់ពីទទួលបានដំណឹងថា បើកច្រកព្រំដែនភ្លាម មានពលរដ្ឋថៃជាច្រើន បានទាក់ទងមកសួរព័ត៌មានបន្ថែមពីអ្នកស្រីជុំវិញឯកសារ និងលក្ខខណ្ឌក្នុងការចេញចូល ពីថៃទៅកម្ពុជា ក៏ដូចជាពីកម្ពុជា មកប្រទេសថៃ ។
លោកស្រីមានប្រសាសន៍ថា “យើងមានគម្រោងជំរុញដល់ភាគីទាំងសងខាង សម្រាប់ភាគីឯកជនរបស់យើង ដោយយើងមានការសហការជាមួយខាង សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក PATA (កម្ពុជា មានលោក ធួន ស៊ីណាន ជាប្រធាន) ដែលសភាពាណិជ្ជកម្មទេសចរណ៍ប្រចាំខេត្តត្រាត ក៏មានការជំរុញទៅថ្នាក់លើ ឲ្យបើកផ្លូវ ទាំងផ្លូវគោក ទាំងផ្លូវទឹក សម្រាបថ្ងៃខាងមុខ”។
តាមការសង្កេតរបស់លោកស្រី ឃើញថា បន្ទាប់ពីបើកដំណើរការច្រកទ្វារព្រំដែនគោកឡើងវិញ នៅថ្ងៃដំបូងមានទំនិញនាំចូលទៅកម្ពុជា ច្រើនជាងកម្ពុជាមកខ្មែរ ដោយឡែកមកដល់ថ្ងៃទី២ សម្រាប់វិស័យទេសចរណ៍ ចាប់ផ្តើមមានភ្ញៀវទេសចរពីកម្ពុជា មកប្រទេសថៃជាបណ្តើរៗ និងមកដល់ថ្ងៃទី៣ មានជនជាតិថៃ ចាប់ផ្តើមត្រៀមចេញដំណើរកម្សាន្តជាបណ្តើរៗដូចគ្នា ។
លោកស្រី ក៏បានឲ្យដឹងទៀតថា ភ្ញៀវទេសចរដែលបានមកកម្សាន្ត នៅតាមជាយដៃននៃខេត្តត្រាត ក៏បានចាប់អារម្មណ៍និងសួរនាំអំពីព័ត៌មាន ជុំវិញការធ្វើដំណើរឆ្លងទៅកាន់ខេត្តកោះកុង មានច្រើនផងដែរ ដោយសារតែពួកគេ បានដឹងនិងមើលឃើញថា នៅកម្ពុជា មានការវិនិយោគច្រើនជាងមុន និងមានរចនាសម្ព័ន្ធល្អប្រសើរច្រើន ដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ ចង់ទៅកម្សាន្តនៅទីនោះ ។
យ៉ាងណាមិញ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ក៏បានលើកឡើងដែរថា “ថៃបើកព្រំដែនថ្មីៗនេះ វាជាដំណឹងល្អសម្រាប់កម្ពុជា ក៏ដូចជាប្រជាជនថៃដែរ បទពិសោធន៍នៃការឆ្លងកាត់របស់យើង ឃើញថាខាងកម្ពុជាយើង បានអនុវត្តកាតព្វកិច្ចរបស់ខ្លួនបានល្អមែនទែន មានន័យថា មន្ត្រីរបស់យើងស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមែនទែន“។
គួរឲ្យដឹងថា លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានដឹកនាំក្រុមហ៊ុនទេសចរណ៍ឯកជនកម្ពុជា ព្រមទាំងតំណាងវិស័យទេសចរណ៍ឯកជន ប្រទេសវៀតណាម នឹងជួបពិភាក្សាគ្នាជាមួយភាគីឯកជនថៃ ដើម្បីជំរុញ និងលើកកម្ពសវិស័យទេសចរណ៍ សម្រាប់ប្រទេសទាំងបី ដែលនឹងនាំមកនូវលំហូរភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈកាលជាយូរ ដោយសារជំងឺរាតត្បាតសកលកូវីដ១៩ នាពេលកន្លងមក៕